Ad Code

សមត្ថកិច្ច​ស្រុក​ល្វាឯម​ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ និង​ដកហូត​ថ្នាំញៀន​​១៣​កញ្ចប់​



កណ្តាល ​៖​ ជនសង្ស័យ​០២​នាក់ ​ត្រូវបាន​នគរបាល​ស្រុក​ល្វាឯម​ ធ្វើការ​ឃាត់ខ្លួន ​ពាក់ព័ន្ធ​ករណី​ចែក ចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ចន្ទ ទី​៣​កើត ខែ​មិគសិរ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​កំពង់ចំលង​អរិយ​ក្សត្រ​ ភូមិ​អរិយ​ក្សត្រ ​ឃុំ​អរិយ​ក្សត្រ ​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​។ ​

ជនសង្ស័យ​០២​នាក់ (​ឃាត់ខ្លួន​) ៖
១.ឈ្មោះ​ហែម ពៅ អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​រត់​រ៉ឺម៉ក​កង់​បី​ ទីលំនៅ​បច្ចុប្បន្ន សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​។​
២.​ឈ្មោះ​ ណា ទ្រី អាយុ​៣៨​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ​។​

រីឯ​វត្ថុតាង​ចាប់យក​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១៣​កញ្ចប់​(​ធំ​មធ្យម​០៧​កញ្ចប់​,​តូច​០៦​កញ្ចប់​, ទូរស័ព្ទ​០៣​គ្រឿង​ ម៉ាក​iphone5 ០១​គ្រឿង ,Nokia ០២​គ្រឿង​, កាំបិត​ចុច​០១, បំពង់​សម្រាប់​ជក់​ថ្នាំញៀន​០១​ ,និង​កាបូបស្ពាយ​០១, កញ្ចប់​បារី MEVIUS ០២,​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ចំនួន​០១​គ្រឿង​, ប្រាក់​ដុល្លារ​១០ដុល្លារ និង​ប្រាក់​រៀល​២០.០០០​រៀល​។​

នគរបាល​បាន​បន្តថា ​នៅវេលា​កើតហេតុ​ខាងលើ ​កម្លាំង​ប៉ុស្តិ៍​សារិកាកែវ​ និង​ប៉ុស្តិ៍​អរិយ​ក្សត្រ​ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក ​តាមដាន​មុខសញ្ញា​នេះ​ជាច្រើន​ថ្ងៃ​មក​ហើយ ​លុះដល់​ថ្ងៃ​កើតហេតុ​ ក៏​ឃើញ​មុខសញ្ញា​ឆ្លង ​ដ មកពី​ភ្នំពេញ ​តាម​កំពង់ចំលង​អរិយ​ក្សត្រ កម្លាំង​ក៏បាន​ហៅ​ត្រួត​ពិនិត្យ​ ហើយ​ក៏​ឃើញ​មាន​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​តែម្តង​។​

លោក​វរសេនីយ៍ឯក ​ហេង ​សុផល​ អធិការ​ស្រុក​ល្វាឯម​បាន​បញ្ជាក់​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ​ថ្នាំញៀន​នេះ ​មេ​គាត់​ជា​អ្នក​ប្រើ​ឲ្យ​យក​មក​ឲ្យ​គេ​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ ហើយ​មិន​ស្គាល់មុខ​មេ​ទេ​ គឺ​ពេល​ត្រូវការ​ប្រើ​មេ​តេ​ហៅ​ឲ្យ​ទៅ​យក​ ឬ យកមក​ឲ្យ​ដោយ​ពាក់​ម៉ាស់​មិនឲ្យ​ឃើញ​មុខ​ឡើយ​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ នាំមក​អធិការ​នគរបាល​ស្រុក​ល្វាឯម​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu