សៀមរាប ៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍មួយក្នុងព្រឹត្តិការណ៍ជាច្រើន ដែលលើកនេះគឺជាព្រឹត្តិការណ៍ចុងក្រោយ ក្នុងគោលបំណងដើម្បីផ្តល់ព័ត៌មាននៃការចូលរួមសេដ្ឋកិច្ចនៃអ្នកវិនិយោគមកពីសហភាពអឺរ៉ុបមកកាន់កម្ពុជា ថាតើក្រុមហ៊ុនអឺរ៉ុបទាំងនោះ បានធ្វើអ្វីខ្លះ និងសម្រេចបានអ្វីខ្លះ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការបង្ហាញអំពីបច្ចេកវិទ្យា បង្ហាញអំពីសកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការដោយការទទួលខុសត្រូវចំពោះសង្គម បរិស្ថាន ជាដើម។
ស្ថានទូតសហភាពអឺរ៉ុប បានរៀបចំឲ្យមានដំណើរទស្សនកិច្ចប្រតិភូអ្នកសារព័ត៌មានកម្ពុជា ដើម្បីស្វែងយល់អំពីការវិនិយោគរបស់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបនៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានខ្មែរលើកនេះ បានធ្វើឡើងនៅខេត្តសៀមរាបរយៈពេលមួយថ្ងៃ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលដៅចំនួន៤កន្លែង គឺនៅក្រុមហ៊ុនចម្រុះសិប្បករអង្គរ នៅរោងចក្រផលិតថង់ក្រណាត់ដាក់វ៉ែនតា ក្រណាត់ជូតវ៉ែនតា និងសម្ភារៈប្រើប្រាស់ពីកម្ទេចក្រណាត់ PACTICS ( Cambodia ) Co.,Ltd ក្រុមហ៊ុន Cambodia Aiports និង ស្ថានីយ៍ប្រេងឥន្ទនៈក្រុមហ៊ុន Cambodia TOTAL ។
នៅក្រុមហ៊ុនចម្រុះសិប្បករអង្គរ លោក George Edgar បង្ហាញថា ៖ ក្រុមហ៊ុនសិប្បករអង្គរ មានលក្ខណៈផ្សេងពីក្រុមហ៊ុនដទៃទៀត ដែលសហភាពអឺរ៉ុបបានចូលរួមដោយផ្ទាល់ និងជួយជ្រោមជ្រែងឲ្យមានជាដំណាក់កាលនៃការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។ ទាំងនោះហើយដែលចង់និយាយថា ជាលទ្ធផលជោគជ័យរបស់ក្រុមហ៊ុនសិប្បករអង្គរ។
លោក Pierre-Andre Romano នាយកប្រតិបត្តិក្រុមហ៊ុនចម្រុះសិប្បករអង្គរ មានប្រសាសន៍ថា ៖សិប្បករអង្គរ បានបំពេញបេសកកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យរស់ឡើងវិញ និងអភិវឌ្ឍជំនាញសិប្បកម្មប្រពៃណីខ្មែរ ផ្តល់ការបណ្តុះបណ្តាលមានគុណភាពផ្នែកសិល្បៈសិប្បកម្ម បង្កើតឲ្យមានស្ថិរភាពការងារធ្វើនៅក្នុងខេត្តសៀមរាប។ ការដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ ដើម្បីផ្តល់ចំណេះដឹងវិជ្ជាជីវៈដល់យុវជន យុវនារី នៅតាមទីជនបទ។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសិប្បករអង្គរ បានសាងសង់និងផ្គត់ផ្គង់ឧបករណ៍ដល់រោងសិប្បកម្មបានចំនួន៤៨កន្លែង ព្រមទាំងបានដឹកនាំទំនុកបម្រុងឲ្យសិប្បករចំនួនជាង៩០០នាក់ មានការងារធ្វើ។
លោក Delobel Eric នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Aiports មានប្រសាសន៍ឲ្យដឹងថា ៖ ក្រុមហ៊ុន Cambodia Aiports គឺជាក្រុមហ៊ុនរបស់កម្ពុជា មានភាគហ៊ុនដោយវិនិយោគិនបារាំង គ្រប់គ្រងដោយជនជាតិបារាំង ជាក្រុមហ៊ុនសម្បទានិកពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការអាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា ហើយការចាប់ផ្តើមដំបូង គឺកាលពី២៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបង្កើតការងារប្រមាណជាចំនួន ២ ០០០នាក់ ក្នុងនេះ ៩៩% ជាជនជាតិខ្មែរ។
ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នកសារព័ត៌មានកម្ពុជា លោក Delobel Eric វាយតម្លៃថា ៖ វាជាឱកាសដ៏ល្អ សម្រាប់ការសិក្សាអំពីស្ថានភាពនៃអ្នកវិនិយោគិនអឺរ៉ុបនៅកម្ពុជារបស់អ្នកយកព័ត៌មានកម្ពុជា ព្រឹត្តិការណ៍បែបនេះ មិនមានជាញឹកញាប់នោះទេ។
ខ្លឹមសារប្រែសម្រួលសង្ខេប ( ដំណើរទស្សនកិច្ចនេះ ត្រូវបានទាញយកចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មានកម្ពុជា ចំពោះការវិនិយោគរបស់វិនិយោគិនអឺរ៉ុបនៅកម្ពុជា សង្ឃឹមថាព្រឹត្តិការណ៍នេះអាចជួយឲ្យអ្នកសារព័ត៌មាន យល់បានកាន់តែច្បាស់អំពីការវិនិយោគនៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបនៅកម្ពុជា )៕
Source: Kampuchea Thmey Daily
0 Comments