ស្ទឹងត្រែង ៖ ប៉ូលិសគ្រឿងញៀនម្នាក់ ជិះរថយន្តម៉ាកកាមរីបាឡែនកំពុងល្បីខាងដេញរថយន្តដឹកឈើជំរិតទារលុយនោះ បានបាញ់រថយន្តដឹកទ្វារបង្អួចកែច្នៃបង្កភាពភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចោទថា បាញ់បោះសេរីបម្រុងធ្វើការឃាត់ខ្លួនយកទៅសួរនាំតែត្រូវបានប៉ូលិសរូបនោះរត់គេចចូលព្រៃបាត់។
ហេតុការណ៍បាញ់បោះខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ 6 និង 30 នាទីព្រលប់ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2018 ត្រង់ចំណុចជិតអូរច្រឡង់ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ស្ថិតក្នុងភូមិអូរកណ្ដៀរថ្មី ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមសំដីរបស់ស្ត្រីម្នាក់ជាម្ចាស់រថយន្តបាននិយាយថា រថយន្តរបស់គាត់បានដឹកទ្វារបង្អួចកែច្នៃចេញពីទឹកដីខេត្តរតនគីរី ឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែងនិងបានរត់ការសមត្ថកិច្ចតាមគោលដៅរួចរាល់អស់ហើយ តែបន្ទាប់ពីធ្វើចរាចរណ៍មកដល់ចំណុចអូរពងមាន់ ក៏ឃើញរថយន្តម៉ាកកាមរីបាឡែនពណ៌សដែលគេស្គាល់ថាជាប៉ូលិសគ្រឿងញៀនឈ្មោះរឿនផល្លា ដែលគាត់បានរត់ការហើយ សង្ស័យច្រឡំរថយន្តផ្សេងទៀតដែលមិនបានរត់ការ បានដេញរថយន្តរបស់គាត់រហូតចូលទឹកដីក្រចេះប្រមាណជាង 1 គីឡូម៉ែត្រនិងបានបាញ់ជាច្រើនគ្រាប់ធ្វើឲ្យរថយន្តបែកកង់ទៅមុខលែងរួច។
ស្ត្រីរូបនោះបានបន្តទៀតថា បន្ទាប់ពីមានការបាញ់បោះរួចមក បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថស្នាក់ការភ្នំក្រហម និងអាវុធហត្ថខេត្តក្រចេះ ចុះមកដល់កន្លែងកើតហេតុចោទថាបាញ់បោះសេរីបម្រុងចាប់ឃាត់ខ្លួនយកទៅសួរនាំ តែប៉ូលិសរូបនោះ បានយកលេសថា និយាយទូរស័ព្ទជាមួយមេ ហើយដើរទៅកៀនផ្ទះអ្នកភូមិ ហើយក៏បានរត់គេចខ្លួនចូលព្រៃបាត់តែម្តង។
ប្រភពបន្តថា បន្ទាប់ពីមានការចម្រូងចម្រាសគ្នារវាងប៉ូលិសនិងអាវុធហត្ថ កម្លាំងស្នងការដ្ឋាននគរបាលខេត្តក៏បានដាក់កម្លាំងអន្តរាគមន៍ចុះមកដល់កន្លែងកើតហេតុ និងមានការសម្របសម្រួលពីប្រធានគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ និងថ្នាក់ដឹកនាំក្នុងខេត្តអន្តរាគមន៍ ដើម្បីបញ្ឈប់ការប្រឈមមុខដាក់គ្នា និងធ្វើការដោះលែងរថយន្តនោះ។
ពលរដ្ឋថា ប៉ូលិសគ្រឿងញៀនកន្លងមក ក៏ធ្លាប់មានការជំរិតទារលុយពីរថយន្តដឹកឈើហើយបច្ចុប្បន្នកំពុងតែល្បីល្បាញក្នុងការដេញរថយន្តដឹកឈើនិងជំរិតទារលុយពីរថយន្តដឹកឈើនៅតាមដងផ្លូវ។ ក្រោយពីមានការបាញ់បោះសេរីទៅលើរថយន្តខាងលើនេះ បានបែកធ្លាយកាលពី ថ្ងៃទី 1 ខែតុលាឆ្នាំ 2018កន្លងមកនេះ ប៉ូលិសគ្រឿងញៀនឈ្មោះផល្លានេះបានជំរិតទារលុយពីរថយន្តសាំយុងដឹកឈើចំនួន 2គ្រឿងក្នុងទឹកប្រាក់ចំនួន 1200 ដុល្លារផងដែរ។
ប្រជាពលរដ្ឋបានលើកឡើងថា ទោះជាមានរៀបចំនូវប៉ុស្តិ៍ត្រួតពិនិត្យរបស់គណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ខេត្តយ៉ាងណាក្ដី ក៏សមត្ថកិច្ចនៅតាមគោលដៅដែលមានកម្លាំងចម្រុះដូចជាមេព្រៃ នគរបាល យោធា រួមទាំងប៉ូលិសចរាចរណ៍នៅចំណុចនោះមិនបានអនុវត្តច្បាប់នោះទេបែរជានាំគ្នាយកច្បាប់មកធ្វើមុខរបរដើម្បីទទួលលាភសក្ការៈពីរថយន្តដឹកបទល្មើសទៅវិញ។
សូមបញ្ជាក់ថា រថយន្តដឹកឈើដែលរងការបាញ់ប្រហារ និងមានការប្រឈមដាក់គ្នារវាងអាវុធហត្ថនិងប៉ូលិសហើយមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តរថយន្តនេះ មិនត្រូវបានធ្វើការចាប់នោះទេក្រោយពីដូរកង់រួចបានចេញទៅបាត់ដោយគ្មានសមត្ថកិច្ចណាអើពើឡើយ៕
Source: Kampuchea Thmey Daily
0 Comments