សៀមរាប ៖ សាលាបឋមសិក្សាស្ទឹងព្រះសុក០១ខ្នង ០៤បន្ទប់ តាមរយៈចលនាសប្បុរសធម៌នៃព្រះសង្ឃជប៉ុន គឺព្រះតេជគុណ អូគី យ៉ាជិអូ ដើម្បីទ្រទ្រង់សកម្មភាពអប់រំ និងសុខភាព ដែលជាសាលារៀនថ្មី ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ឧកញ៉ា សៀង ណាំ សមាជិកសភាមណ្ឌលសៀមរាប។
លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ ១៨ឆ្នាំកន្លងមកហើយ ដែលព្រះសង្ឃជប៉ុន បានធ្វើសកម្មភាពសប្បុរសធម៌ដើម្បីទ្រទ្រង់ដល់សហគមន៍នានាក្នុងខេត្តសៀមរាបលើវិស័យអប់រំនិងសុខុមាលភាពដល់ប្រជាជននោះ ដែលបាននាំមកនូវអាគារសិក្សា អណ្តូងទឹកស្អាត កសាងជូនសហគមន៍សម្រាប់ឲ្យបងប្អូនប្រើប្រាស់ប្រចាំថ្ងៃ។
លោកឧកញ៉ា សៀង ណាំ បានថ្លែងអបអរសាទររីករាយ និង កោតសរសើរ ជាមួយនឹងសមិទ្ធផលថ្មីៗទាំងនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជប៉ុន និងព្រះតេជគុណជប៉ុន អូគី យ៉ាជិអូទាំងអស់ ដែលបានជួយសាងសង់អគារសិក្សា ដល់ខេត្តសៀមរាបយើងនេះ។ វាជាចំណងមិត្តភាពកម្ពុជាជប៉ុនកាន់តែមានភាពស្អិតរមួតពីមួយឆ្នាំទៅមួយឆ្នាំ ទ្វេឡើងថែមទៀតក្នុងពេលនេះ និង ទៅថ្ងៃអនាគតនោះ លើសពីនេះ ចំណងមិត្តភាពសាមគ្គីភាពនឹងកាន់តែល្អប្រសើរជាបន្តទៀតតាមរយៈសកម្មភាពមនុស្សធម៌របស់ប្រជាជនជប៉ុន។
លោកឧកញ៉ា សៀងណាំ បានរំលឹកថា ៖ គុណបំណាច់របស់ប្រទេសជប៉ុន ចំពោះកម្ពុជាមានច្រើនរាប់មិនអស់ ចាប់តាំងពីដំណាក់កាលប្រទេសកម្ពុជាស្វែងរកការចរចារដើម្បីសន្តិភាព រហូតមកដល់បច្ចុប្បន្ន ហើយជប៉ុនបានដើរតួយ៉ាងសំខាន់ និងឈានមុខគេក្នុងការផ្តល់ជំនួយមកឲ្យកម្ពុជា។
លោកបន្តថា ៖ រដ្ឋាភិបាលជប៉ុន បានជួយស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យអប់រំសិក្សាធិការ និងស្ពានផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរាប់មិនអស់ទៀតផង។ ក្រៅពីរដ្ឋាភិបាលជប៉ុន ប្រជាពលរដ្ឋ ក៏ដូចជាអង្គការ សមាគមនានារបស់ប្រទេសជប៉ុន ក៏បានជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកនិងសប្បុរសជនជប៉ុនបានចូលរួមកសាងអគារសិក្សានេះចំណាយអស់ថវិកាចំនួន ៤២០០០ដុល្លា ។ ក្នុងនោះចំនួន៣២០០០ដុល្លារជាថវិកាចូលរួមរបស់សប្បុរសជនជប៉ុន និង ថវិកា ចូលរួមរបស់ឯកឧត្តមផ្ទាល់ចំនួន១០០០០ ដុល្លារផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានឧបត្ថម្ភ ជូនប្រជាពលរដ្ឋ៣០០នាក់ក្នុងម្នាក់ៗសារុង១ លោកគ្រូអ្នកគ្រូ៩នាក់ម្នាក់ៗ ៥០០០០រៀល សិស្សានុសិស្ស៣០៣នាក់ម្នាក់ៗ សៀវភៅសរសេរ២ក្បាល ប៊ិច២ដើម បន្ទាត់២ កាបូប១ កម្លាំងការពារចម្រុះ ៤០ ម៉ឺនរៀល និងចំណាយរៀបចំពិធី ១លាន៥សែនរៀល៕
Source: Kampuchea Thmey Daily
0 Comments