ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានប្រកាសនៅព្រឹកពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ថ្មីៗថាក្លិបរបស់ខ្លួននឹងទទួលចុះឈ្មោះធ្វើតេស្តជ្រើសរើសកីឡាករយុវជនដាក់ចូលក្នុងក្រុមយុវជនថ្នាល ដើម្បីពង្រឹងក្រុមនៅថ្ងៃអនាគត។
យោងតាមសេចក្តីបញ្ជាក់ថា របស់ក្លិបតាមហ្វេសប៊ុកបានលើកឡើងថា ការជ្រើសរើសនេះ គឺដើម្បីចូលរួមជាកីឡាករយុវជន និងវិវឌ្ឍន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លិប ដោយត្រូវស្ថិតក្នុងចន្លោះអាយុក្រោម១៧ឆ្នាំ ពោលគឺកើតនៅចន្លោះឆ្នាំ២០០១ ដល់ ២០០៤ និងចាប់ផ្ដើមទទួលចុះឈ្មោះពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។ សម្រាប់អ្នកចាប់អារម្មណ៍ចង់ដឹងព័ត៌មានបន្ថែមទៀតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១០៨៣៧៣៨១។
ថ្មីនេះក្រុមព្រះខ័នរាជស្វាយរៀង បានប្រកាសចុះឈ្មោះកីឡាករយុវជនថ្នាល២នាក់ដាក់ចូលក្នុងបញ្ជីក្រុមធំ ដោយក្នុងនោះមានកីឡាករ យី ប៊ុនហេង ជាអ្នកចាំទី និងកីឡាករ គឹម សុខយុទ្ធ ជាខ្សែបម្រើ។ កីឡាករទាំង២នាក់ ត្រូវបានលោក Conor Nestor ដែលជាគ្រូបង្វឹក បានដាក់ក្នុងបញ្ជីប្រកួតព្រមទាំងបង្ហាញខ្លួនជាមួយក្រុមបណ្តើរៗហើយ។
ក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមដែលសំបូរកីឡាករចេញពីយុវជនថ្នាលរបស់ខ្លួនច្រើន ហើយមានកីឡាករល្បីៗឈ្មោះជាច្រើនដូចជា សុក ចាន់រស្មី នៅអគ្គីសនីកម្ពុជា ចាន់ វឌ្ឍនាកា របស់បឹងកេត ឃួន ឡាបូរ៉ាវី នៅក្លិបSurat Thani លីគលំដាប់ទី៤ប្រទេសថៃ (ផ្ទេរមកបឹងកេត វិញ) កីឡាករ ប្រាក់ មុន្នីឧត្តម ជាដើម។
ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់រដូវកាលឆ្នាំ២០១៨ របស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមសមាជិកទាំង១២ក្រុមក្រោយប្រកួតឈ្នះបាន១០លើក ស្មើគ្នា៣លើកនិងចាញ់៩លើកមាន៣៣ពិន្ទុ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមក្រសួងការពារជាតិត្រឹមវគ្គ៨ក្រុមចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments