សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬ ហៅកាត់ថា FIFA បានបញ្ចេញតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ទាំងអស់ជាសមាជិករបស់ខ្លួន (FIFA World Ranking) ដែលមាន ២០៦ ប្រទេស ប្រចាំខែ ធ្នូ ឆ្នាំ២០១៨ នៅកាលពីពេលថ្មីៗនេះស្របពេលក្រុមកម្ពុជា នៅឈរចំណាត់ថ្នាក់ដែលគឺលេខ១៧២ ពោលគឺស្មើនឹងចំណាត់ថ្នាក់កាលពីខែវិច្ឆិកា កន្លងទៅ។
យោងតាមវិបសាយ fifa.com បានបញ្ជាក់ថា តារាងចំណាត់ថ្នាក់នេះគិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ តទៅ។ តារាងចំណាត់ថ្នាក់នេះមិនមានការប្រែប្រួលច្រើនព្រោះក្រុមជម្រើសជាតិកម្ពុជា តែបញ្ចប់បេសកម្មក្នុងពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2018។ សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ាន ប្រទេសវៀតណាម ឡើងមកឈរកំពូលតារាង១១ខែជាប់គ្នា ដោយឈរលេខ១០០ពិភពលោក បន្ទាប់ពីវ៉ាដាច់ហ្វីលីពីន នៅលេខ១១៦ តាមពីក្រោយក្រុមថៃ ឈរលេខ១១៨ពិភពលោក,មីយ៉ាន់ម៉ា លេខ១៣៩,ឥណ្ឌូណេស៊ី លេខ១៥៩,សឹង្ហបុរី លេខ ១៦៥, ម៉ាឡេស៊ី លេខ១៦៧,កម្ពុជា លេខ១៧២, ឡាវ លេខ១៨៤,ប្រ៊ុយណេ លេខ១៩៥ និងទីម័រខាងកើត លេខ១៩៦។
បើរាល់តារាងចំណាត់ថ្នាក់ក្រុមល្អទាំង១០ ប្រចាំទ្វីបអាស៊ី ក្នុងខែធ្នូ នេះមានក្រុមអ៊ីរ៉ង់ បានឡើងមកឈរលេខ២៩ ពិភពលោកក្នុងតារាងក្រោយទម្លាក់ក្រុមអូស្ត្រាលី ឲ្យឈរលេខ៤១ពិភពលោក,ជប៉ុន លេខ៥០, កូរ៉េខាងត្បូង លេខ៥៣, អារ៉ាប់ប៊ីសាអ៊ូឌីត លេខ៦៩, ស៊ីរី លេខ៧៤, ចិន លេខ៧៦, អារ៉ាប់រួម លេខ ៧៩,លីបង់ លេខ៨១ និងអូម៉ង់ លេខ៨២ពិភពលោក។
សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេប្រចាំពិភពលោកក្នុងខែធ្នូ នេះគឺក្រុមប៊ែលហ្សិច ឈរលេខ១ ហើយក្រុមបារាំង ឈរលេខ២ ខណៈក្រុមប្រេស៊ីល ឈរលេខ៣ ,ក្រូអាត លេខ ៤, ប្រទេសអង់គ្លេស ឈរលេខ៥,ព័រទុយហ្គាល់ លេខ៦, អ៊ុយរ៉ាហ្គាយ លេខ៧, ស្វីស លេខ៨, អេស្ប៉ាញ ឡើងមកលេខ៩ និងក្រុមជម្រើសជាតិដាណឺម៉ាក់ ឈរលេខ១០៕
Source: Kampuchea Thmey Daily
0 Comments