សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ថ្មីៗនេះ ជុំវិញរឿងចម្រូងចម្រាសកន្លងមកពាក់ព័ន្ធបញ្ហាប្តូរចេញរបស់កីឡាករ ៥រូបដែលមានប្រភពក្រុមយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន ទៅកាន់ក្លិបវិសាខា កាលពីពាក់កណ្ដាលខែធ្នូ កន្លងទៅ។
យោងតាមលិខិតលេខ៦៦៩/១៨ ស.ណ/ស.ប.ក បានបញ្ជាក់ថា សហព័ន្ធកម្ពុជា ឈរលើចំណុច៤ជាគោលនៅក្នុងបញ្ហាខាងលើនេះ ដោយក្នុងនោះទី១) ក្រោយពីមានការពិភាក្សារវាងក្លិបបាល់ទាត់ភ្នំពេញក្រោន ជាមួយក្លិបវិសាខា ក្លិបទាំង២បានយោគយល់ និងឯកភាពគ្នា ដោះស្រាយវិវាទផ្ទេរកីឡាករក្លិបវិសាខា ព្រមផ្ដល់ប្រាក់ឧបត្ថម្ភជាថ្លៃហូបចុក ស្នាក់នៅ បណ្ដុះបណ្ដាល ជូនដល់ក្លិបភ្នំពេញក្រោន ដែលបានបណ្ដុះបណ្ដាលកីឡាករទាំង៥រូប។ ទី២) ស.ប.ក សោកស្ដាយចំពោះចន្លោះប្រហោងក្នុងការសិក្សាអំពីច្បាប់នៃការគ្រប់គ្រង ការផ្ទេរកីឡាករក្នុងស្រុក ស.ប.ក នឹងដាក់ពង្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការផ្ទេរកីឡាករក្នុងស្រុក នៅក្នុងមហាសន្និបាតនៅក្នុងឆ្នាំ២០១៩។ ទី៣) ស.ប.ក អំពាវសារព័ត៌មានអំពីផ្លូវច្បាប់ជាមុន មុននឹងចុះផ្សាយដែលនាំឲ្យមានការប៉ះពាល់ដល់ក្លិប។ ទី៤) ស.ប.ក អបអរសាទរ និងថ្លែងអំណរគុណចំពោះក្លឹបទាំងអស់ដែលជាសមាជិករបស់សហព័ន្ធ ដែលបាននឹងកំពុងបណ្ដុះបណ្ដាលយុវជនគ្រប់កម្រិត។
កីឡាករ៥នាក់ដែលពាក់ព័ន្ធនោះមានកីឡាករ អ៊ុក សុវណ្ណ, អ៊ិន សូដាវីត, ស៊ិន កក្កដា, គីមឆាយ៉ា និងកែន ច័ន្ទសុភ័ក្ត្រ។ យោងតាមវិបសាយផ្លូវការរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា លោកឧកញ៉ា ឬទ្ធី សំណាង ដែលជាប្រធានក្លិបធ្លាប់បានថ្លែងថា សម្រាប់ក្លិបលោកមាន២ចំណុចដែលចង់បានពីរឿងនេះគឺទី១ ទាមទារឲ្យមានការទូទាត់សំណងថ្លៃអភិវឌ្ឍន៍លើយុវជនទាំង ៥ និងទី២ ដំណោះស្រាយគឺត្រូវឈរលើច្បាប់របស់ FIFA ដូចដែលលោកអគ្គលេខាធិការសហព័ន្ធ (លោក កែវ សារ៉េត) ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះ។
ក្រោយមានរឿងចំរូងចំរាសនេះក្លិបភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍មួយថាប្រសិនបើមិនមានការទូទាត់សំណងអភិវឌ្ឍន៍លើកីឡាករទាំង ៥នាក់ ឬគ្មានដំណោះស្រាយសមស្របទេ ភ្នំពេញក្រោន នឹងមិនចូលរួមប្រកួតលីគបន្តទៀតឡើយ ចំណែកសកម្មភាពអភិវឌ្ឍន៍ថ្នាលយុវជនក៏ត្រូវបញ្ឈប់មិនមានបន្តទៀតដែរ ពីព្រោះបញ្ហានេះបានជះឥទ្ធិលដល់សកម្មភាព និងចក្ខុវិស័យរបស់ក្លិបបាល់ទាត់ទាំងអស់នៅកម្ពុជាពិសេសគឺលើការកសាង និងពង្រឹងធនធានយុវជននាពេលអនាគតតែម្តង៕
Source: Kampuchea Thmey Daily
0 Comments