Ad Code

អតីត​គ្រូ​ផ្នែក​កម្លាំង​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទទួល​ការងារ​ថ្មី​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម



លោកWillander Fonseca ជនជាតិ​ប្រេស៊ីល ដែល​ធ្លាប់​ធ្វើ​ជា​​គ្រូ​បង្វឹក​ផ្នែក​កាយសម្បទា ឬ កម្លាំង​ក្នុង​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​ជំនាន់​លោក Leonardo Vitorino ធ្វើ​ជា​គ្រូ​បង្វឹក​​នោះ​នៅ​ពេល​នេះ​លោក​ទទួល​បាន​ការងារ​ថ្មី​នៅ​ប្រទេស​វៀតណាម ដោយ​ចូលរួម​ក្នុង​ជម្រើសជាតិ​តែម្តង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯកទ្វីប​អាស៊ី AFC Asian Cup 2019។

លោក​គ្រូ​ផ្នែក​កម្លាំង Willander Fonsecaមាន​អាយុ​៣០​ឆ្នាំ​​បាន​ចាប់​អាជីព​ជា​គ្រូបាល់ទាត់​ខាង​ផ្នែក​នេះ​តាំង​ពី​ឆ្នាំ​២០១៥ ជាមួយ​ក្លិប Rugani ក្នុង​ស្រុក​កំណើត​នៅ​ចុងឆ្នាំ​ដដែល​លោក​បាន​ផ្លាស់​ទៅ​ក្លិប​ Buriram United របស់​ថៃ​ជាមួយលោក Leonardo Vitorino ហើយ​នៅ​ឆ្នាំ​២០១៦ លោក​ចេញ​ទៅចូលរួមជាមួយ Lanexang United ជួយ​អោយ​ក្រុម​លើក​ពាន​លីគ​កំពូលឡាវ និង​ជើងឯក​រង​ពានរង្វាន់ TMCC 2016 ( Toyota Mekong Club Championship )​ផង​ដដែរ។ នៅ​ឆ្នាំ​​២០១៧ កន្លង​ទៅ​លោក​បាន​ចេញ​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

យោង​តាម​​សេចក្តី​បញ្ជាក់​​តាម​វិបសាយvietnamnet លើក​ឡើង​ថា​ដំណើរ​ទៅ​ដល់​របស់​លោក Willander Fonseca គឺ​ជំនួស​លោក​​Bae Ji-won ដែល​ជា​គ្រូ​បង្វឹក​ផ្នែក​កម្លាំង​ជនជាតិ​កូរ៉េខាងត្បូង ដែល​បាន​ចាកចេញ​ទៅ​ប្រកប​អាជីព​ថ្មី​លើ​ទឹកដី​ប្រទេស​ថៃ កាល​ពី​សប្ដាហ៍​មុន។ សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម បាន​យក​លោក​ Willander Fonseca ​ទៅ​សាក​ល្បង​រហូត​ដល់​ដំណាច់​ខែ​មករា មុន​សម្រេច​ថា​ចុះ​កិច្ចសន្យា​រឺយ៉ាងណា។

ក្រុម​ជម្រើស​ជាតិ​វៀតណាម ទើប​តែ​លើក​ពាន​ជើង​ឯក​តំបន់​អាស៊ាន AFF Suzuki Cup 2018 កាល​ពី​ពេល​ថ្មីៗ​ក្រោយការ​ដឹកនាំ​ពី​សំណាក់​​លោក Park Hang-seo ជនជាតិ​កូរ៉េខាងត្បូង។ ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​បាន​ប្រកួត​មិត្តភាព​ស្មើ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងជើង កាល​ពី​ពេល​ថ្មីៗ​១ទល់១ ហើយ​ប្រកួត​នេះ​ជា​ការ​បង្ហាញ​វត្តមាន​ដំបូង​របស់​លោក  Willander Fonseca ផង​ដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu