Ad Code

ប៊ែ​ល​ធី គ្រុប ប្រារព្ធ​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៩



ភ្នំពេញ​ ៖ ប៊ែ​ល​ធី គ្រុប បាន​រៀប​ចំ សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ដែល​មាន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ ចូលរួម​ចំនួន ២.២៤៣​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក​ប៊ែ​ល​ធី គ្រុប និង​លោកជំទាវ​។



លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី គ្រុប បាន​មានប្រសាសន៍ថា ប៊ែ​ល​ធី គ្រុប មាន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ​បម្រើការ ២.២៤៣​នាក់ មាន​សិស្ស​-​និស្សិត​កំពុង​សិក្សា ៤២.៤៩៣​នាក់ និង​មាន ២៤​ទីតាំង ក្នុង​នោះ ២២​ទីតាំង​ជា​សាលា (១៩​ទីតាំង​កំពុង​ដំណើរការ ៣​ទីតាំង​កំពុង​សាងសង់​) និង​២​ទីតាំង​ជា​សាកលវិទ្យាល័យ​។ លោក​បាន​បន្ថែម​ថា ប៊ែ​ល​ធី គ្រុប មាន​បម្រើ​សេវាកម្ម ០៣​ធំៗ​ដូចជា I. ប៊ែ​ល​ធី​សំណង់ II. ប៊ែ​ល​ធី​ទេសចរណ៍ និង​III. ប៊ែ​ល​ធី​អប់រំ ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ ប៊ែ​ល​ធី សម្រេចបាន​នូវ​សមិទ្ធផល​ដូចជា​៖ ទី​១-​ប៊ែ​ល​ធី​សំណង់ បាន​សាងសង់​អគារ​ប៊ែ​ល​ធី​ទី​១៩ និង​កំពុង​សាងសង់​អគារ​ប៊ែ​ល​ធី​ទី​២០ ទី​២១ និង​ទី​២២​។



ទី​២-​ប៊ែ​ល​ធី​ទេសចរណ៍ បានទទួល​ភ្ញៀវទេសច​រណ៍ ៧.៧៨៩​នាក់ ក្នុងនោះ ក្នុងប្រទេស ៧.១២៦​នាក់ និង​ក្រៅប្រទេស ៦៦៣​នាក់ ព្រមទាំង​មាន​រថយន្ត​ទំនើបៗ ០៨​គ្រឿង​សម្រាប់​ដឹក​ភ្ញៀវ​ផងដែរ​។ ទី​៣-​សាលា ប៊ែ​ល​ធី អន្តរជាតិ សិស្ស​បញ្ចប់​ការសិក្សា ២២.០៥៥​នាក់ ក្នុង​នោះ​បាន​ចែកចេញជា​៖ សិស្ស​ចំណេះ​ទូទៅ (​ថ្នាក់​ទី​១២) ចំនួន ៩.៧៥១​នាក់ ជាប់ ៨.៣១២​នាក់ ស្មើ ៨៥,២៤% និង និទ្ទេស​A ចំនួន ៩៤​នាក់ ។​សិស្ស​ភាសា​អង់គ្លេស​កម្រិត​ទី​១២ (Level 12) ចំនួន​៦.១៥១​នាក់​។​សិស្ស​វគ្គ​ខ្លី​កុំព្យូទ័រ​ចំនួន​៨.៤២៧​នាក់។



សិស្ស​ប្រឡង​តេស្ត​អន្តរជាតិ​ចំនួន​៧២៧​នាក់​ សិស្ស​ប៊ែល​ធី​ថ្នាក់​ទី​១២ ដែល​រក្សា​បាន ជើងឯក​លេខ​១ និង​លេខ​២ ទូទាំង​ប្រទេស​ជាប់ៗ​គ្នា​រយៈពេល ០៤​ឆ្នាំ​ចុង​ក្រោយនេះ​៖ ១​ឆ្នាំ​២០១៨​នេះ​សិស្ស ប៉េង គឹម​ហេង​ប្រឡង​ជាប់ និទ្ទេស A លេខ​២​ទូទាំងប្រទេស លំដាប់​ពិន្ទុ ៩៩.៩៩៩ ។ ២-​ឆ្នាំ​២០១៧ សិស្ស ស គីម​ស៊ា ប្រឡង​ជាប់ និទ្ទេស A លេខ​១ ទូទាំង​ប្រទេស លំដាប់​ពិន្ទុ ១០០.០០០។ ៣-​ឆ្នាំ​២០១៦ ​សិស្ស កាំ​ង ស៊ី​ញ​លី ​ប្រឡង​ជាប់ និទ្ទេស A លេខ​១ ទូទាំង​ប្រទេស លំដាប់​ពិន្ទុ ១០០.០០០​។ ៤-​ឆ្នាំ​២០១៥ សិស្ស សេង ហ្គេ​ចលី ប្រឡង​ជាប់ និទ្ទេស A លេខ​២ ទូទាំងប្រទេស លំដាប់​ពិន្ទុ ៩៩.៩៩៩​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង​ទី​១២ មាន ៦៦​នាក់ ក្នុង​នោះ ទូទាំង​ប្រទេស ២២​នាក់ និង​ទូទាំង​រាជធានី ៤៤​នាក់ ​ទី​៤-​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និស្សិត​បញ្ចប់​ការសិក្សា ១.៦៩៣​នាក់ ក្នុង​នោះ ថ្នាក់​គរុកោសល្យ ៣៧១​នាក់ ថ្នាក់​បរិញ្ញាបត្រ ១.១៤៧​នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ១៧៥​នាក់។ ទី​៥-​ប៊ែ​ល​ធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន​សិស្ស​-​និស្សិត​ទៅ​ក្រៅប្រទេស ចំនួន ៨៥២​នាក់ ក្នុង​នោះ​សិស្ស​-​និស្សិត​អាហារូបករណ៍​ឧកញ៉ា លី ឆេង ១០៤​នាក់ សិស្ស​-​និស្សិត​បង់ថ្លៃ ៤១​នាក់ និង​សិស្ស​-​និស្សិត ធ្វើ​ទស្សនកិច្ច​សិក្សា ៧០៧​នាក់​។



ជា​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩​នេះ ប៊ែ​ល​ធី​គ្រុប បានសម្រេច​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ រួមមាន ១-​ពង្រឹង​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​តាមរយៈ​ពិពណ៌នា​ការងារ បទបញ្ជាផ្ទៃក្នុង និង​បង្កើន​សមត្ថភាព​ជំនាញ​។ ២-​ពង្រឹង​វិន័យ​សិស្ស​-​និស្សិត​គ្រប់​ថ្នាក់ និង​បង្កើន​ទំនាក់ទំនង​ជាមួយ មាតាបិតា អាណាព្យាបាល​សិស្ស​-​និស្សិត​។ ៣-​ពង្រីក​សាខា​សាលា និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី ឲ្យ​បាន​ច្រើន​តាម​តម្រូវការ​ជាក់ស្តែង​។ ៤-​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ផ្នែក​នីមួយៗ តាមរយៈ វគ្គ​បណ្តុះបណ្តាល​ខ្លី (On The Job Training)​។ ៥-​ពង្រឹង​កម្មវិធីសិក្សា​ផ្នែក​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់​ត្រៀម បឋមសិក្សា ដល់​ថ្នាក់មធ្យមសិក្សា​ឲ្យ​មាន​គុណភាព​ខ្ពស់ ដោយ​សិស្ស​ថ្នាក់​ទី​១២ ត្រូវ​ប្រឡង​ជាប់​បាក់​ឌុប​ពី ៨៥-៩០% និង​ទទួល​បាន​និទ្ទេស A ៥% នៃ​ចំនួន​សិស្ស​ប៊ែ​ល​ធី​ចូលរួម​ប្រឡង​បាក់​ឌុប​។​ ៦-​ពង្រឹង​កម្មវិធីសិក្សា​ប​ន្ថែ​ម​ធំៗ ទាំង ៨ ឲ្យ​បាន​ខ្ជាប់ខ្ជួន ស្របតាម​ពាក្យស្លោក “​ការសិក្សា​ត្រូវ​ផ្សារភ្ជាប់ ទ្រឹស្តី​នឹង​ការអនុវត្ត​ជាក់ស្តែង​”​។ ៧-​បង្កើន​កម្មវិធី STEM តាមរយៈ បន្ថែម​សម្ភារៈ​បន្ទប់ពិសោធន៍ កម្មវិធី Technology បន្ទប់​សម្ភារៈ​វិស្វកម្ម និង IMA Program ។ ៨-​បន្ត​បើក​ថ្នាក់ “​គណនា​លេខ​រហ័ស (IMA Program)” ឲ្យបាន​គ្រប់​សាខា ចាប់ពី​ថ្នាក់បឋមសិក្សា​ឡើងទៅ​។ ៩-​សិស្ស​បញ្ចប់ Level 12 ត្រូវ​រៀន​ត្រៀម ៤០​ម៉ោង ដើម្បី​ប្រឡង​តេស្ត​អន្តរជាតិ​ឱ្យបាន​ពិន្ទុ IELTS 5.5 ឡើងទៅ និង​លើកទឹកចិត្ត សិស្ស​ដែល​ទទួលបាន​ពិន្ទុ IELTS ចាប់ពី 6.5 ដល់ 7.0 ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រីឯ​សិស្ស​ដែល​ទទួលបាន​ពិន្ទុ​ចាប់ពី 7.5 ឡើងទៅ នឹង​ទទួល​បាន​អាហារូបករណ៍​ឧកញ៉ា លី ឆេង ១០០% ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។ ១០-​សាកលវិទ្យាល័យ បន្ត​ពង្រឹង​កម្មវិធីសិក្សា​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ និង​កម្មវិធីសិក្សា​ជា​ភាសាជាតិ បាន​បន្ថែម​ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស ៤០​ក្រេ​ឌី​ត និង​កុំព្យូទ័រ ១​ឆ្នាំ ដោយ​ឥតគិតថ្លៃ និង​ផ្តល់​ឱកាស​ការងារ​ជូន​និស្សិត​ពូកែ​បម្រើការ​នៅ​ប៊ែ​ល​ធី​។ ១១-​ប៊ែល​ធី ទំនាក់ទំនង​អន្តរជាតិ នឹង​ខិតខំ​ពង្រឹង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ជាមួយ​គ្រឹះស្ថាន​អប់រំ​ល្បីៗ​ទូទាំង​ពិភពលោក ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​ទំនុកចិត្ត​ជូន​ដល់​សិស្ស​-​និស្សិត មាតាបិតា និង​អាណាព្យាបាល។ ១២-​ពង្រីក​គោលដៅ​ទេសចរណ៍​ក្រៅប្រទេស​សំខាន់ៗ​បន្ថែមទៀត តាម​តម្រូវការ​របស់​អតិថិជន។



ក្នុង​ឱកាស​នោះ លោក​បណ្ឌិត លី ឆេង អគ្គនាយក​ប៊ែ​ល​ធី គ្រុប បាន​ថ្លែង​កោតសរសើរ​ចំពោះ គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ​ទាំង​អស់​នៃ​ប៊ែ​ល​ធី​គ្រុប ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ដោយ​អនុវត្ត​បាន​តាម​គោលការណ៍ និង​សេចក្តី​សម្រេច​នានា​របស់​ថ្នាក់លើ​ដែល​បាន​ដាក់​ចុះ និង​អនុវត្ត​បាន​យ៉ាង​ហ្មត់ចត់​នូវ​បទបញ្ជាផ្ទៃក្នុង និង​លិខិត​បទដ្ឋាន​ផ្សេងៗ ព្រមទាំង​រក្សា​បាន​នូវ​វិន័យ និង​សេចក្តី​ថ្លៃថ្នូរ​គួរ​ជាទី​មោទន​ក្រៃលែង​។



ជាទី​បញ្ចប់ លោក​អគ្គនាយក​ប្រធាន​គណៈអធិបតី និង​លោកជំទាវ បាន​ប្រគល់​លិខិត​តែងតាំង​ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​ប៊ែ​ល​ធី​គ្រុប និង​ប្រគល់​ពានរង្វាន់​សាខា​ឆ្នើម ពានរង្វាន់​ការងារ ប័ណ្ណ​អាហារូបករណ៍ ១០០% និង​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​បុគ្គលិក​បម្រើ​ការងារ ១០​ឆ្នាំ ចំនួន ៨៧ នាក់ នា​ពេល​នោះ​ផង​ដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu