ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កេត សោផាន់ បញ្ជាក់បែបនេះ បន្ទាប់ពីជំនួបរវាងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ លោក កេត សោផាន់ បានអះអាងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៅអាស៊ាន អឺរ៉ុប នៅទីក្រុងព្រុចសែល នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏នឹងគ្រោងជួបជាមួយ និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរលើបញ្ហាបញ្ហា EBA។
លោកបញ្ជាក់ថា នៅកិច្ចប្រជុំរដ្ឋមន្ត្រីនៅអាស៊ាន អឺរ៉ុប នៅទីក្រុងប្រុចសែល គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងជួបជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ដើម្បីពិភាក្សាបន្ថែមទៀតលើបញ្ហា EBA ជាមួយនឹងសហគមន៍អឺរ៉ុប។
លោកកេត សោផាន់ បានលើកឡើងថា “ដូចសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជាញឹកញាប់ហើយ គឺកម្ពុជាមិនយកជំនួយមកដូរ និងឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសទេ ហើយក្នុងដំណើរចូលរួមកិច្ចប្រជុំអាស៊ាន អឺរ៉ុប នៅទីក្រុងព្រុចសែលនៅខែក្រោយនេះ (ខែមករា ឆ្នាំ២០១៩) របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺនៅក្រៅកិច្ចប្រជុំ លោកនឹងគ្រោងជួបជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយតែងតែមានការលើកឡើងមួយចំនួនទាក់ទងសហភាពអឺរ៉ុប ចង់ដក ចង់ព្យួរ មានបំណងចង់ព្យួរ EBA ការអនុគ្រោះពន្ធចំពោះកម្ពុជា។ កម្ពុជាដែលអរគុណចិន មិនមែនមានន័យថា អរគុណចិន ដោយផ្អែកលើជំនួយរបស់ចិន ដើម្បីឲ្យផ្តាច់ EBA ទេ ក្នុងន័យថា ក្នុងជំនួយរបស់ចិននេះ យើងអាចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់យើងបានរឹងមាំ ចឹងចំពោះ EBA លោកឧបនាយករដ្ឋមន្ត្រី នឹងបន្តធ្វើការគ្រប់យ៉ាងថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបបន្តអនុគ្រោះពន្ធដល់កម្ពុជាតទៀត មិនមែនយើងទៅជួបគេដើម្បីអាងតែថា ប្រទេសជាតិយើងរឹងមាំហើយ ឲ្យគេផ្តាច់ទេ គឺមិនមែនទេ”។
លោក កេត សោផាន់ រដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាបន្តទៀត ដើម្បីសុំឲ្យសហភាពអឺរ៉ុប បន្តការអនុគ្រោះពន្ធដល់កម្ពុជា ហើយលោកយល់ថា ភាគីទាំងពីរនៅតែបន្តសហការគ្នាក្នុងកិច្ចសន្ទនាក្នុងកិច្ចការដោះស្រាយ EBA៕
Source: Kampuchea Thmey Daily
0 Comments