ភ្នំពេញ ៖ កម្លាំងប្រមាណ១០០នាក់ មកពីរដ្ឋបាលរាជធានីភ្នំពេញ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ,រួមទាំងមន្ត្រីរាជការមកពីខណ្ឌ និងមន្ទីរផ្សេងៗទៀត បានមកហាត់ សមពីការដើរក្បូនព្យុះហយាត្រាដើម្បីឈានឆ្ពោះទៅអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជំនះ៧មករា ដែលនឹងប្រារព្ធឡើងនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ អូឡាំពិក នៅថ្ងៃទី៧មករា ឆ្នាំ២០១៩ខាងមុខនេះ។
នាយករដ្ឋបាលរាជធានីភ្នំពេញ លោកសេង វណ្ណះ បានឲ្យដឹងថា ការហាត់សមនេះធ្វើឡើងដើម្បីឲ្យកម្លាំងដែលចូលរួមមានភាពស្វាហាប់ ដើរបានយូរ មិនឆាប់ហត់ និងហាត់ពីរបៀបដើរឲ្យបានស្រុះគ្នានិងមានរបៀបរៀបរយនៅពេលពិធីចាប់ផ្តើមផ្លូវការ។
លោកនាយករដ្ឋបាលឲ្យដឹងទៀតថា កម្លាំង១០០នាក់នេះគឺជាតំណាងមន្ត្រីរាជការក្នុងរាជធានីភ្នំពេញដែលនឹងត្រូវដើរអមរថយន្តបុស្សុបុកក្នុងពេលហែក្បូនសម្រាប់ផែនរាជធានីភ្នំពេញដែលមានការរៀបចំ ឲ្យមានលក្ខណៈធំទូលាយ និងអធិកអធមជាងឆ្នាំមុនៗដើម្បីអបអរខួប៤០ឆ្នាំនៃ ថ្ងៃជ័យជំនះ៧មករា ជាថ្ងៃផ្តល់កំណើតទី២ដល់យើងទាំងអស់គ្នា។
គួរបញ្ជាក់ថា ការហាត់សមនេះនឹងធ្វើឡើងចំនួន២ដងទៀតមុនថ្ងៃ៧មករា គឺនៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៥មករា ឆ្នាំ២០១៩ ម្តងទៀត ដែលគ្រោងនឹងមានមហាជនចូលរួមចំនួន៨.៣៥០នាក់៕
Source: Kampuchea Thmey Daily
0 Comments