ភ្នំពេញ ៖ ដោយសារមើលឃើញពីភាពខ្វះខាតរបស់ក្មេងស្រីកំព្រាឪពុក-ម្តាយ ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយផងនោះ តារាសម្ដែងស្រីវ័យក្មេង កញ្ញា តូតា កាលពីថ្មីៗនេះ បាននាំយកថវិកាដែលប្រមូលបានពីសប្បុរសជនប្រមាណជាង៣ពាន់ដុល្លារ ទៅឧបត្ថម្ភជួយដល់ក្មេងស្រីរូបនេះដើម្បីសម្រួលការព្យាបាលជំងឺ។
បើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្ដែងស្រី កញ្ញា ម៉ាក់សែន សូនីតា ហៅ តូតា បាននិយាយថា ក្មេងស្រីកំព្រាខាងលើនេះ បច្ចុប្បន្នកំពុងតែប្រឈមនឹងជំងឺកាច់សាហាវ គឺទឹកនោមប្រៃកម្រិតធ្ងន់ ដែលពេលនេះ ក៏កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។
ការជួយដល់កុមារកំព្រារួបនេះ ដោយហេតុថា នាងមិនត្រឹមតែខ្វះភាពកក់ក្តៅពីឪពុក-ម្តាយនោះទេថែមទាំងមកប្រឈមនឹងជំងឺធ្ងន់ធ្ងរបែបនេះទៀត។
តារាស្រី និងជាថៅកែហាងលក់គ្រឿងសមុទ្រវ័យក្មេង កញ្ញា តូតា បានរៀបរាប់ថា ឥឡូវនេះ នាងខ្ញុំបានយកថវិការបស់សប្បុរសជនចំនួន៣២៨០.៥០ដុល្លារ មកជូនដល់ដៃកុមារកំព្រាដែលកំពុងមានជំងឺទឹកនោមប្រៃកម្រិតធ្ងន់ដល់មន្ទីរពេទ្យកំពុងសម្រាកព្យាបាលតែម្ដង។ ជូនពរឲ្យសប្បុរសជនទទួលបានជោគជ័យ ជ័យជំនះ សុខភាពល្អ។
កញ្ញា តូតា បាននិយាយបន្តទៀតថា សូមឲ្យកុសលដែលបានមកពីការផ្តល់ទាន នាំឲ្យសប្បុរសជនទាំងអស់ឲ្យជួបតែសេចក្តីសុខ។
ជាមួយគ្នានេះដែរ តារាសម្ដែង កញ្ញា ម៉ាក់ សែនសូនីតា ក៏បានបន្តធ្វើការអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយបរិច្ចាគថវិកា ដើម្បីជួយសម្រួលដល់ការព្យាបាលកុមារីដែលមានជំងឺទឹកនោមប្រៃកម្រិតធ្ងន់ផងដែរ។
សូមជម្រាបថា តារាសម្ដែង កញ្ញា តូតា ក្រៅតែពីជោគជ័យ និងទទួលបានការគាំទ្រច្រើនលើវិស័យសិល្បៈនោះ បច្ចុប្បន្ននាងក៏មានមុខជំនួញផ្ទាល់ខ្លួនតាមរយៈការចូលទុនរួមគ្នាជាមួយគូស្នេហ៍ពង្រីកហាងលក់គ្រឿងសមុទ្រជាច្រើនកន្លែង នៅរាជធានីភ្នំពេញ និងក៏មាន១សាខាទៀត នៅក្រុងតាខ្មៅផងដែរ៕
Source: Kampuchea Thmey Daily
0 Comments