ភ្នំពេញ ៖ បុរសជនជាតិបែលហ្សិកម្នាក់ ឈ្មោះ TANGUY EDDIE J TALLER អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EN383201 បានប្តឹងទាស់នឹងសាលក្រមរបស់ លោក ម៉េង តូនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារអស់មួយជីវិត រឿងដឹកជញ្ជូនគ្រឿងញៀនជាង១គីឡូក្រាម ចូលមកប្រទេសកម្ពុជា។
នៅពេលសវនាការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមាន លោក ឆឹម ឫទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមាន លោក តុប ឈុនឡុង ជាតំណាងអយ្យការ ហើយជនជាប់ចោទខាងលើបានឆ្លើយបដិសេធថា ខ្លួនមិនបានដឹងរឿងគ្រឿងញៀននេះនោះទេ ហើយក៏បានសុំឲ្យលោកចៅក្រមលើកលែងការចោទប្រកាន់នេះ ដោយខ្លួនមានប្រពន្ធ និងកូនត្រូវមើលថែ។
ក្រោយពីបញ្ចប់សវនាការសួរដេញដោល លោកចៅក្រម ក៏បានសម្រេចកំណត់យកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ពេលព្រឹក ដើម្បីប្រកាសសាលក្រម។
កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ ឈ្មោះ CATRY DAVIT NOEL M ភេទប្រុស៣៤ឆ្នាំ ជនជាតិបែលហ្សិកដាក់ពន្ធនាគារអស់មួយជីវិត និងកំបាំងមុខជនជាប់ចោទជនជាតិបែលហ្សិកម្នាក់ ឈ្មោះTANGUY EDDIE J TALLER ភេទប្រុស អាយុ៣៧ឆ្នាំ ដោយដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យក្នុងម្នាក់ៗ៨០លានរៀល ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ដឹងជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។ ហើយលោកចៅក្រម ក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ TANGUY EDDIE J TALLER យកមកអនុវត្តទោសតាមអំណាចសាលក្រម។
សូមបញ្ជក់ថា កាលពីវេលាម៉ោង៨និង១៣នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចសហការប្រតិបត្តិការ បង្ក្រាបការដឹកជញ្ជូនឆ្លងកាត់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់ដកហូតថ្នាំញៀនជាង១គីឡូក្រាម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកឧត្ដមសេនីយ៍ទោ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន "ក១" ដោយមានការសហការជាមួយសមត្ថកិច្ច គយ នគរបាលអន្តោប្រវេសន៍ និង សមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបករណីដឹកជញ្ជូននូវសារធាតុញៀនឆ្លងដែន តាមជើងអាកាស ពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសអេត្យូពី-ថៃ បានចូលមកកម្ពុជា។
លទ្ធផល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជនជាតិបែលហ្សិក កាន់លិខិតឆ្លងលេខ EN106323.2.។ ក្នុងនោះបានធ្វើការដកហូតសារធាតុញៀនប្រភេទ Cocaine ទម្ងន់ ១០០៣.និង២៤ក្រាម (១គីឡូ៣.២៤ក្រាម)។
គួររំលឹកផងដែរថា នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ជនជាតិបែលហ្សិក ដែលជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងជំនាញ នគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានស្រាវជ្រាវ និងឈានចាប់ខ្លួនបាន នៅចំណុចច្រកចេញដំណើរ នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិត កណ្ដាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង៕
Source: Kampuchea Thmey Daily
0 Comments