ក្លិបបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានប្រកាសនាំចូលកីឡាករយុវជនរហូតដល់៦នាក់ ដាក់ក្នុងក្រុម យុវជនក្រោមអាយុ ១៧ឆ្នាំ របស់ខ្លួន ហើយកីឡាករទាំងអស់នេះសុទ្ធតែធ្លាប់ហ្វឹកហាត់ជាមួយក្រុម U16 សាលាបាល់ទាត់ជាតិបាទី ដើម្បីបន្ដការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពឲ្យក្លាយជាកីឡាករអាជីព នាថ្ងៃអនាគត។
យោងតាមការបញ្ជាក់របស់ក្លិបសមាជិកថ្មីទាំង៦នេះ រួមមានខ្សែបម្រើ សួង ដាវីត មកពីខេត្តតាកែវ, ខ្សែបម្រើ គី រីណា មកពីខេត្តបាត់ដំបង, ខ្សែការពារ ពៅ ចាន់ថេត មកពីខេត្តបន្ទាយមានជ័យ, ខ្សែការពារកណ្ដាល លីន តារាដេវិទ្យ មកពីខេត្តព្រះវិហារ, ខ្សែប្រយុទ្ធ ធី រ៉ាឈុន មកពីខេត្តកណ្ដាល និងអ្នកចាំទី គង់ ភ័ក្ដ្រា មកពីខេត្តតាកែវ ដោយក្នុងនោះមានកីឡាករ ៥នាក់ ទើបមានវ័យ ១៦ឆ្នាំ លើកលែងតែ ពៅ ចាន់ថេត មានវ័យ ១៧ឆ្នាំ។
សម្រាប់ការបន្ថែមកីឡាករក្រុម U17 វិសាខានេះដែរ ថ្នាក់ដឹកនាំក្លិបវិសាខា បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើពួកគេ ដូចកីឡាករយុវជនផ្សេងៗដែរ ដូចជាការផ្ដល់នូវកន្លែងស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ ពិសេសគឺការផ្ដល់ឱកាសរៀនសូត្រពេញលេញ និងការផ្ដល់នូវសម្ភារៈផ្សេងៗជាដើម។ ដោយហេតុនេះ ក្លិបសង្ឃឹមថា ពួកគេនឹងក្លាយជាធនធាន និងជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកជួយក្លិប និងបាល់ទាត់ជាតិ នាពេលអនាគត។
ក្រុមយុវជនក្រោមអាយុ១៧ឆ្នាំរបស់វិសាខា ដឹកនាំដោយលោក វី លីកា បានហ្វឹកហាត់ជាមួយគ្នាមួយរយៈមកហើយក្នុងនោះក៏បានចេញយុទ្ធនាការប្រកួតមិត្តភាពកម្តៅសាច់ដុំបានមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំក្លិបចង់ឃើញកីឡាករក្នុងឈុតយុវជននេះមានការព្យាយាមហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពឲ្យមានការរីកចម្រើន ដោយផ្ដើមចេញពីការយល់ចិត្តគ្នា ការគ្រប់គ្រង ការបញ្ជូនបាល់ ការគាំទ្រគ្នាទៅវិញទៅមក និងការបញ្ចប់ទីជាដើម៕
Source: Kampuchea Thmey Daily
0 Comments