ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា៦សម័យកាល បានប្រកាសបង្ហាញសមាជិកថ្មីចំនួន៤រូប នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សប្ដាហ៍នេះក្នុងបរិវេណកីឡដ្ឋាន RSN Stadium ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ ដោយអ្នកទាំងអស់សុទ្ធសឹងជាជនជាតិប្រេស៊ីល ដូចគ្នា។
ក្នុងចំណោមអ្នកទាំង៤មាន២នាក់ជាកីឡាករគឺខ្សែប្រយុទ្ធ Paulo Victor និងអ្នកចាំទី Leonardo ព្រមទាំងក្រុមការងារពេទ្យចលនា២រូបទៀត។ លោក Leonardo Vitorino គ្រូបង្គោលភ្នំពេញក្រោនលើកឡើងថា ដោយសារតែប្រទេសប្រេស៊ីល មានប្រវត្តិសាស្ត្រល្អនិងកំពុងតែរីកចម្រើនក្នុងពិភពបាល់ទាត់ទើបក្លិបលោកសម្រេចចិត្តបន្ថែមសមាជិកជាជនជាតិប្រេស៊ីលបែបនេះ។ ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំថ្នាក់ដឹកនាំក្លិបរូបនេះបានជឿជាក់ថា កីឡាករថ្មីទាំងពីររូបអាចផ្ដល់សក្ដានុពលដល់ក្រុម និងជាពិសេសអាចជួយដល់កូនក្រុមក្នុងស្រុកដែលភាគច្រើនជាកីឡាករវ័យក្មេង។
ថ្មីៗនេះក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ។
សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments