យោងតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) លើកទី ១៦ នៅឯស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែ សីហា កន្លងទៅ បានបង្ហាញលទ្ធផលថា កម្ពុជា ទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់បាល់ទាត់ជើងឯកយុវជនក្រោយអាយុ២២ឆ្នាំប្រចាំតំបន់អាស៊ាន AFF U22 Championship នៅឆ្នាំ ២០១៩ ខាងមុខនេះ។
តាមពិតទៅពានរង្វាន់ប្រភេទយុវជន U22 នេះត្រូវបាន AFF សហការគ្នាបង្កើតឡើងវិញ នៅឆ្នាំ២០១៩ ខាងមុខ ក្រោយពីខកខានជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ គណៈកម្មការក៏បានកំណត់ដែលថា ក្រុមខ្លាំងជាងគេចំនួន៤ក្រុម នៃពានរង្វាន់ AFF U22នេះ នឹងទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះពានបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ប្រចាំទ្វីបអាស៊ី (AFC U-23 ) ផងដែរ។
សម្រាប់គម្រោងប្រកួតនៅឆ្នាំក្រោយនេះ បានចាប់ពូលក្រុមចូលរួមប្រកួតរួចរាល់ហើយដោយពូលA មានដល់ទៅ៦ក្រុម រួមមានក្រុមជម្រើសជាតិថៃ វៀតណាម ទីម័រខាងកើត ឡាវ ប្រ៊ុយណេ និងហ្វីលីពីន ខណៈពូល B មានកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងសិង្ហបុរី។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
សូមរំលឹកថា ប្រកួតចុងក្រោយកាលពីឆ្នាំ២០០៥ ដែលធ្វើឡើងនៅប្រទេសថៃ មានក្រុមចំនួន៨ ដោយបែងចែកជា២ពូល។ ចំពោះក្រុមកម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូលក្រោយចាញ់ទាំង៣ប្រកួតគឺចាញ់សឹង្ហបុរី ៣ទល់២ ហើយចាញ់ថៃ ៨ទល់០ និងបន្តចាញ់ឡាវ ៣ទល់០។ ក្រុមម្ចាស់ផ្ទះបានគ្រងតំណែងជើងឯកនៅគ្រានោះក្រោយយកឈ្នះសិង្ហបុរី ៣ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។
តាមគម្រោងនៅក្នុងប្រកួតបើកឆាកក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបសិង្ហបុរី នៅថ្ងៃទី១៨ ខែកុម្ភៈ ហើយបន្តប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី២០ ខែកុម្ភៈ ព្រមទាំងប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី២២ ខែកុម្ភៈ និងចុងក្រោយបិទពូលត្រូវប៉ះ ក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី២៦ ខែកុម្ភៈ៕
Source: Kampuchea Thmey Daily
0 Comments