Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងជាកីឡាករនៅក្លិប Melbourne Victory សមាជិកពានរង្វាន់លីគកំពូលប្រទេសអូស្ត្រាលី (A-League) បានបង្ហោះសារថ្មីលើកទឹកចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាគ្រប់រូប ទោះបីជាដឹងថា ត្រូវប្រឈមឧបសគ្គជាច្រើន មិនអាចគេចវេសក៏ដោយ។ សារនេះបង្ហោះចេញស្របពេលដែលក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីពានរង្វាន់ AFF Suzuki Cup ត្រឹមវគ្គជម្រុះតាមពូល។
បុរសជប៉ុនរូបនេះបានសរសេរនៅលើ Instagram របស់ខ្លួនថា «ពួកគេ គឺជាកីឡាករជម្រើសជាតិ ដោយមានគ្នា២៣នាក់ប៉ុណ្ណោះ ដែលបានជ្រើសរើសក្នុងចំណោមមនុស្សជាង ១៦លាននាក់។ ពួកគេគឺជាក្ដីសង្ឃឹមរបស់ប្រជាជនកម្ពុជា។ ដូច្នេះពួកគេ ត្រូវប្រឈរមុខនឹងឧបសគ្គជាច្រើន ដោយមិនអាចគេចវេសបានឡើយ។ ពួកគេកំពុងបង្កើតក្ដីសង្ឃឹមឲ្យប្រជាជនខ្លួន។ ប៉ុន្ដែខ្ញុំដឹងថា ពួកគេអាចធ្វើបានច្រើនជាងនេះទៀត»។
តាំងពីចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា មក Hondaនិងដៃស្តាំរបស់ខ្លួនគឺលោក Felix កាន់ការជាគ្រូបង្វឹកផ្ទាល់ ដឹកនាំក្រុមប្រកួតលើឆាកអន្តរជាតិចំនួន៧ប្រកួតមកហើយចាញ់ម៉ាឡេស៊ី ៣ទល់១ និងស្មើគ្នាជាមួយទីម័រខាងកើត ២ទល់២ និងបន្តចាញ់សឹង្ហបុរី ២ទល់១ ក្នុងប្រកួតមិត្តភាព ខណៈនៅក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup កម្ពុជាបានចាញ់ម៉ាឡេស៊ី ១ទល់០ បន្តចាញ់មីយ៉ាន់ម៉ា ៤ទល់១ តែឈ្នះឡាវ ៣ទល់១ និងចុងក្រោយចាញ់វៀតណាម ៣ទល់០។
Keisuke Hondaបានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិជប៉ុន ក្រោយព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជើងឯកពិភពលោក 2018 FIFA World Cup នៅប្រទេសរុស្ស៊ី បន្ទាប់ពីជម្រើសជាតិខ្លួនធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ។ នៅពេលនេះរូបគេកំពុងតែកាន់តំណែង២គឺធ្វើជាខ្សែប្រយុទ្ធនៅក្លិប Melbourne Victory និងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយឥតយកកម្រៃក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម៕
Source: Kampuchea Thmey Daily
0 Comments