Ad Code

លោក ឈុន ម៉ៅ ទស្សនកិច្ច​សិក្សា​ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​ លើ​គ្រប់​វិស័យ​ នៅ​កង​ការពារ​ព្រំដែន​លេខ​៥០៣



បន្ទាយមានជ័យ ៖ លោក​ឧត្ដមសេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការ​រង​តំបន់​ទី​១ ​យោធភូមិភាគ​ទី​៥​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ​រួមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​សិក្សា​ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ នៅ​កងអនុសេនាធំ​គាំទ្រ កងការពារ​ព្រំដែន​លេខ​៥០៣ យោធភូមិភាគ​ទី​៥​ ស្ថិត​ក្នុងភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

​ទស្សនកិច្ច​សិក្សា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​កង​ការពា​រ​ព្រំដែន​លេខ​៥០៣ មន្ត្រីនគរបាល មន្ត្រី​អាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន និង​នាយ នាយទាហាន​ជាច្រើន​នាក់។

​ថ្លែង​ក្នុង​ឧកាស​នោះ ​លោក​វរសេនីយ៍ត្រី កេង លីម មេបញ្ជាការ​កងអនុសេនាធំ​គាំទ្រ កងការពារ​ព្រំដែន​លេខ​៥០៣ យោធភូមិភាគ​ទី​៥ បានបង្ហាញ​របាយការណ៍ ដោយ​ធ្វើ​បទ​បង្ហាញ ស្ដីពី​ការ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​របស់​កងអនុសេនាធំ​គាំទ្រ កងការពារ​ព្រំដែន​លេខ​៥០៣ រួមមាន​៤ ចំណុច​ធំៗ គឺ ១-​លក្ខណៈ​សភាពការណ៍​រ​បស់​អង្គភាព, ២-​លទ្ធផល​ការងារ​របស់​អង្គភាព​សម្រេច​បាន, ៣-​ការវាយតម្លៃ​ចំណុចខ្លាំង ​និង​ចំណុចខ្សោយ, ៤-​ផែនការ​អនុវត្ត​បន្ត។

​លោក ឈុន ម៉ៅ បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុក​ដាក់​លើ​កិច្ចការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ។

លោក ​ក៏បាន​ផ្ដាំផ្ញើ​ផងដែរ​ដល់​កងកម្លាំង​ទាហាន ​ត្រូវ​ពង្រឹង​ស្មារតី ការ​ការពារ​ព្រះមហាក្សត្រ​ នៃ​យើង ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋាភិបាល​ស្របច្បាប់ និង​ប្រជាពលរដ្ឋ។ មួយវិញទៀត​ ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន កុំ​ឲ្យ​មាន​បទល្មើស​យានយន្ត​ឆ្លងដែន​ឲ្យ​បាន​ ព្រោះ​វា​ជា​បទបញ្ជា​ថ្នាក់ដឹកនាំ​ និង​ជា​ការ​ល្មើស​ច្បាប់​ បើអនុវត្ត​មិនបាន​កុំ​ធ្វើជា​កងកម្លាំង។​

សូម​បញ្ជក់​ផង​ដែរ​ថា​ នា​ចុងឆ្នាំ​២០១៨​នេះ​ ជា​បន្តបន្ទាប់ ​តាម​កាំ​វិធាន​ និង​ការចាត់តាំង​របស់ លោក​មេបញ្ជាការ​ភូមិភាគ​បាន​ដឹកនាំ​ក្រុម​ការងារ​ទស្សនកិច្ច​សិក្សា​ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ គ្រប់​អង្គភាព​យោធា​ដែល​ចំណុះ​ឲ្យ​ភូមិភាគ​៥​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu