កំពង់ចាម ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធមីទ្ទីញអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤០ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៨) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
ពិធីនោះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្ត នគរបាជ័យ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការ ចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទាំងពីរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋប្រមាណ១.៥០០នាក់។
ក្រសួងបានឲ្យដឹងថា ស្ថិតិក្នុងបរិយាកាសសប្បាយរីករាយនេះ លោក រដ្ឋមន្ត្រី បានថ្លែងសារទៅកាន់អង្គមីទ្ទីញទាំងមូល ដោយជាបឋមបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេច លោក ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសេចក្តីសុខ ទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ និងសូមជូនពរឲ្យជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតយកឱកាសដ៏មហោឡារិកនេះ លោក រដ្ឋមន្ត្រី បានរំលឹកជម្រាបជូនអង្គមីទ្ទីញ ដោយសង្ខេបពីប្រវត្តិថ្ងៃ២ធ្នូ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូ ធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិ និង ប្រជាជន ចេញពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។
ស្ថិតក្នុងស្ថានភាពដ៏លំបាកវេទនា អសន្តសុខសង្គម អសន្តិសុខស្បៀង ហើយអ្វីៗ គ្រប់បែបយ៉ាងត្រូវបានបំផ្លាញស្ទើរគ្មានសល់។ ឃើញច្បាស់ពីបញ្ហានេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឈរលើឆន្ទៈ មនសិការស្នេហាជាតិ បង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍មាតុភូមិដ៏ល្អផូរផង់នេះ បានខិតខំដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង រហូតសម្រេចបានសមិទ្ធផលយ៉ាងធំធេងដូចយើងមានក្នុងបច្ចុប្បន្ននេះ។
លោកបន្តថា ច្បាស់ណាស់ កម្ពុជា បច្ចុប្បន្នកំពុងបោះជំហានទៅមុខលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ប្រជាជនកម្ពុជា កំពុងរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ និងសង្គមជាតិ ដោយពុំមានការរើសអើងពីនិន្នាការនយោបាយ ជំនឿសាសនា ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីបន្តកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិដ៏បវររបស់ខ្លួនឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងមួយ ប្រកបដោយភាពប្រាកដនិយមថា នឹងគ្មានកើតជាថ្មីនូវសោកនាដកម្មដូចអតីតកាលឡើយ។ ពិតណាស់ ស្នាមញញឹមដែលប្រជាជនមានថ្ងៃនេះ វាស្ថិតក្នុងដំណើរវិវឌ្ឍដ៏វែងឆ្ងាយមួយ ដោយឆ្លងកាត់ការវិវឌ្ឍជាច្រើនដំណាក់កាល មានគ្រប់រសជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបានបញ្ជាក់ថា ក្តីសប្បាយរីករាយ និងភាពសុខដុមរមនានេះ គឺបានមកដោយសារគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។ ជាសច្ចធម៌ប្រវត្តិសាស្ត្រ អ្វីៗដែលកម្ពុជាមាននៅពេលនេះ គឺបានមកពីព្រឹត្តិការណ៍ថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧ មករា ហើយមានថ្ងៃ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឆ្លើយតបតាមនិន្នាការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទងនៅក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសការរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យជាអាទិ៍វិស័យសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏រឹងមាំ និងយូរអង្វែង។
ផែនការ និងគោលនយោបាយអភិវឌ្ឍន៍ទាំងអស់នេះ គឺបាននិងកំពុងប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្ម គ្មានឈប់ឈរ ដើម្បីឆ្លើយតបទៅតាមកំណើនសេដ្ឋកិច្ចជាតិ កំណើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ដើម្បីតបស្នងសងគុណនូវគុណូបការៈដ៏ថ្លៃថ្លានេះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋខិតខំថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាពិសេសត្រូវរួមសាមគ្គីគ្នាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍៕
Source: Kampuchea Thmey Daily
0 Comments