Ad Code

គល់ស្ពាន​ព្រែក​ព្នៅ ជាទី​ផ្សារ​លក់​គ្រឿងញៀន​ល្បី​ដូច​នៅមុខ​ពេទ្យ​លោកសង្ឃ​ដែរ



ភ្នំពេញ ​៖ អតីត​ភូមិ​ត្រពាំង​ឈូក​ដែល​កន្លង​មកជា​ទីផ្សារ​លក់​គ្រឿងញៀន​ដ៏​សកម្ម​ល្បីឈ្មោះ​បោះ​សម្លេង​ទូទាំងប្រទេស​ជាង​២​ទសវត្ស ឥឡូវនេះ​ត្រូវ​បាន​សមត្ថកិច្ច​បោសសំអាត​អស់ហើយ​ប៉ុន្តែ​គ្រឿងញៀន​នៅតែមាន​លក់​ហូរហែ​ក្នុង​ទីក្រុង​ដែល​ទីផ្សារ​លក់​គ្រឿងញៀន​លួចលាក់​ថ្មី​ល្បី​មួយទៀត​គឺ​នៅ​ម្តុំ​គល់ស្ពាន​ព្រែក​ព្នៅ​។

ការ​លើក​ឡើង​ថា នៅ​ម្តុំ​គល់ស្ពាន​ព្រែក​ព្នៅ ជាទី​ផ្សារ​លក់​គ្រឿងញៀន​ដោយ​លួច​លាក់​នេះ គឺ​គេ​ដឹង​តាមរយៈ​ចម្លើយ​សារភាព​របស់​ក្រុម​ជន​សង្គម​ងងឹត រកស៊ី​មុខ​របរ​នេះ​ដោយ​ខុសច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ជាច្រើន​ករណី​ហើយ​រក​ឃើញ​ចម្លើយ ពី​ពួកគេ​ដូចៗ​គ្នា​ថា ប្រភព​ទីតាំង​លក់​ថ្នាំញៀន​ចេញ​តែ​ពី​កន្លែង​ដដែលៗ​មួយ​នេះ​(​នៅ​ម្តុំ​គល់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងលិច ស្ថិតក្នុង​ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​)​។



ក្រុម​ជនល្មើស​ពាក់​ព័​ន្ធ​គ្រឿងញៀន មួយចំនួន​ដែល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ធ្លាប់​បង្ក្រាប​បាន​នា​ពេល​កន្លងមក មួយចំនួន​ក៏បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាន​ទិញ​ថ្នាំញៀន​មកពី​ជន​មិន​ស្គាល់ឈ្មោះ​នៅ​ម្តុំ​គល់​ស្ពាន​ព្រែក​ព្នៅ យក​មក​ប្រើប្រាស់​និង​ចែកចាយ​។

នៅ​ស្រុក​ពញាឮ​ខេត្តកណ្តាល សមត្ថកិច្ច​បាន​ចាប់ខ្លួន​ក្រុម​ជនល្មើស​រកស៊ី​ជួញដូរ​គ្រឿងញៀន រាប់​រយ​ករណី ដែល​ក្នុងចំណោម​នោះ ភាគច្រើន​ពួកគេ​បាន​ផ្តល់នូវ​ចម្លើយ​សារភាព​ថា ថ្នាំញៀន​ដែល​ពួកគេ​បាន​យក​មក​លក់​និង​ចែកចាយ​នៅ​ទី​នេះ(​ស្រុក ពញាឮ​) គឺ​បាន​ទិញ​ពី​គេ​នៅ​ម្តុំ​គល់ស្ពាន​ព្រែក​ព្នៅ ត្រើយ​ខាងលិច នៅ​ប៉ែក ខាងត្បូង​ស្ពាន តែ​មិន​ប្រាប់​ពី​អត្តសញ្ញាណ​មេខ្លោង​ជា​អ្នកលក់ដូរ​ថ្នាំញៀន​នោះទេ​ដែល​ពួក​បានត្រឹមតែ​ផ្តល់​ចម្លើយ​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះ​តែប៉ុណ្ណោះ។



ព័ត៌មាន​ចុងក្រោយ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនល្មើស​ជួញដូរ​ថ្នាំញៀន​បាន​ចំនួន​៣​នាក់ ​និង ​ដកហូត​បាន​ថ្នាំញៀន​១៤​កញ្ចប់ នៅ​ម្តុំ​រមណីយដ្ឋាន ភ្នំ​ប្រ​សិត ភូមិ​តា​ពេ​ច ​ឃុំ​ឈ្វាំង​។ ជនល្មើស​ម្នាក់​ក្នុងចំណោម​៣​នាក់​ជា​មេខ្លោង​មានឈ្មោះ សៀន សេង​ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ថ្នាំញៀន​ទាំងនេះ​គាត់​តែងតែ​ទៅ​ទិញ​មកពី​គេ​លក់​នៅ​នៅ​ម្តុំ​ខាងត្បូង​គល់​ស្ពាន​ព្រែក​ព្នៅ​ដោយ​ទិញ​ម្តងៗ​ចំនួន​១០០​ដុល្លារ យក​មក​រំលែក​ចែកចាយ​លក់​បន្ត​ក្នុង​១​កញ្ចប់​តូច​តម្លៃ​១០​ដុល្លារ គាត់​ប្រាប់​ថា​ មុខរបរ​នេះ​គាត់​បាន​ដឹង​ថា វា​ជា​អំពើ​ខុសច្បាប់​ពិតមែន តែ​វា​ចំណេញ​បាន​ច្រើន​ទ្វេដង ទើប​ចេះ​ប្រថុយប្រថាន​ដូច្នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu