អ្នកចាំទី ហែម ស៊ីម៉ៃ ក្នុងក្លិបអង្គរថាយហ្គឺរ (Angkor Tiger FC) ដែលជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានចូលរោងជ័យរៀបអាពាហ៍ពិពាហ៍នៅថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះ ស្របពេលដែលរូបគេកំពុងសម្រាកព្យាបាលរបួសត្រៀមបញ្ចេញសមត្ថភាពស្វាគមន៍រដូវកាលឆ្នាំ២០១៩ ខាងមុខ។
កីឡាករ ហែម ស៊ីម៉ៃ ដែលជាកីឡាករបាល់ទាត់ផងនិងជាថៅកែហាងលក់សម្ភារៈកីឡាឈ្មោះថា «Tiger Sport» ភរិយាខ្លួនមានឈ្មោះ កាក់ ដារី ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងមានគេហដ្ឋាននៅមុខហាងលក់សម្លៀកបំពាក់កីឡាកររបស់ខ្លួនក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ។ អ្នកទាំង២បានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេល២ឆ្នាំមកហើយ មុនដល់ថ្ងៃចូលរោងការនេះ។ យ៉ាងណាក្តីកីឡាករវ័យ៣០ឆ្នាំរូបនេះ ទើបតែបន្តកិច្ចសន្យាជាមួយក្លិបមួយរដូវកាលទៀត កាលពីពេលថ្មីៗ ហើយរូបគេតាំងចិត្តធ្វើឲ្យបានល្អឲ្យអស់ពីលទ្ធផលនៅរដូវកាលថ្មីខាងមុខ។
កីឡាករ ហែម ស៊ីម៉ៃ បានចាប់អាជីពជាកីឡាករបាល់ទាត់តាំងពីឆ្នាំ២០០៤ មកម្ល៉េះដោយកាលនោះជាសមាជិកក្នុងក្លិបបៀលប្រាយយូណាយធីត ហើយរហូតដល់ឆ្នាំ២០១២ រូបគេបានផ្លាស់ទៅលេងក្នុងក្លិបគីរីវង់សុខសែនជ័យ មុនចាកចេញទៅចូលរួមជាមួយក្រុមអាស៊ីអឺរ៉ុប នៅឆ្នាំបន្ទាប់។ នៅឆ្នាំ២០១៤ រូបគេបានចូលរួមជាមួយក្រុមត្រាយអាស៊ីភ្នំពេញ មុនប្ដួរឈ្មោះមកជាខេមបូឌានថាយហ្គឺរ នៅឆ្នាំ២០១៥ កន្លងទៅ។ ក្រៅពីនេះរូបគេធ្លាប់ជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងទៅផងដែរ។ កីឡាកររូបនេះ ធ្លាប់ឈ្នះពានរង្វាន់អ្នកចាំទីល្អនៅឆ្នាំ២០០៩ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ផងដែរ។
ទោះបីខ្លួនជាកីឡាករមែន តែកីឡាករ ហែម ស៊ីម៉ៃ ធ្លាប់បានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកគ្រូបង្វឹកអ្នកចាំទីកម្រិតអន្តរជាតិ (MA FIFA Goalkeeping Coaching Course) នៅមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្រោមការបង្ហាត់បញ្ជាពីគ្រូឧទ្ទេសបរទេសផងដែរ៕
Source: Kampuchea Thmey Daily
0 Comments