អ្នកចាត់ការរបស់ក្លិបកាំភ្លើង ArsenalលោកUnai Emery ត្រូវបានគេចោទប្រកាន់ពីបទប្រើកាយវិការមិនត្រឹមត្រូវ ក្រោយពេលដែលរូបលោក បានទាត់ដបទឹកសុទ្ធមកលើក្រុមអ្នកគាំទ្រក្រុមBrighton & Hove Albion ។ នេះបើយោងតាមការអះអាងរបស់សមាគមបាល់ទាត់ FAបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញម្នាក់នេះ បានធ្វើការសុំទោសភ្លាមៗ ដល់អ្នកគាំទ្រម្នាក់នេះ បន្ទាប់ពីឧប្បត្តិហេតុកើតឡើងអំឡុងពេលបញ្ចប់ការប្រកួតស្មើ១-១របស់ក្រុម Arsenalនៅ Premier Leagueនៅក្នុងទឹកដី Amex កាលពីថ្ងៃពុធ។
លោកEmery បាននិយាយថា លោកសង្ឃឹមថា ការសុំទោសរបស់លោក នឹងល្មមគ្រប់គ្រាន់ ដើម្បីឲ្យគាត់ចៀសផុតពីបម្រាមណាមួយ។
លោកបាននិយាយប្រាប់សន្និសីទកាសែតកាលពីថ្ងៃព្រហស្បត្តិ៍ថា លោកទាត់ដបទឹកតែខ្លួនឯងទេ ហើយវាក៏រត់ទៅជិតក្រុមអ្នកគាំទ្រ។ លោកបាននិយាយសុំទោសរួចហើយ លោកក៏បាននិយាយសុំទោសម្តងជា២ដងហើយរួចដែរ។
លោកបន្តទៀតថា លោកទាត់វា ដោយសារតែដបទឹកនៅនៅជិតលោក ហើយលោកគ្មានចេតនាអាក្រក់ណាមួយនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Emeryមានពេលរហូតដល់វេលាម៉ោង១៨ ម៉ោងសកល ថ្ងៃទី២ ខែមករា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់មួយនេះ។
ខណៈនោះដែរ ក្រុម Arsenalនឹងធ្វើដំណើរមកប៉ះជាមួយក្រុមកំពូលតារាង Liverpoolនៅថ្ងៃសៅរ៍នេះ៕
Source: Kampuchea Thmey Daily
0 Comments