អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ដែលជាជនជាតិកូរ៉េខាងត្បូង បានប្រកាសនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះតាមរយៈសារបង្ហោះលើគណនីហ្វេសប៊ុករបស់លោក អំពីការបញ្ចប់កុងត្រាជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមជាគ្រូបង្វឹកក្រុមយុវជនក្រោមអាយុ១៥ឆ្នាំ នៅសាលាបាល់ទាត់ជាតិបាទី ក្រោយសហការការងារគ្នាក្នុងរយៈពេល៧ឆ្នាំ និង ៣ខែ។
វិបសាយ Zing របស់វៀតណាម បានចេញសេចក្តីរាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះថា លោក Lee ត្រូវបានក្លិប Hoàng Anh Gia Lai សមាជិកពានរង្វាន់លីគកំពូលប្រទេសវៀតណាម តែងតាំងធ្វើជានាយកបច្ចេកទេស ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ។ ដំណើរទៅដល់របស់លោក Lee គឺមិនប៉ះពាល់ដល់តំណែងរបស់លោក Duong Minh Nin ដែលជាគ្រូបង្វឹកនោះទេ ប៉ុន្តែក្លិបចាត់ទុកថា សមាជិកថ្មីនេះនឹងជួយរៀបចំក្រុមឲ្យបានល្អឡើងវិញ ក្រោយក្លិបធ្វើមិនល្អកាលពីរដូវកាលឆ្នាំ២០១៨កន្លងទៅ។
សូមរំលឹកថា ក្រោយពេលលោក Lee បោះបង់កៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១៧ ដោយចេញទៅដឹកនាំក្រុម U15 សាលាបាល់ទាត់ជាតិ តំណែងនេះជំនួសវិញដោយលោក Leonardo Vitorino ម្តង ខណៈក្រុមមកទៀតលោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានចូលខ្លួនដឹកនាំបណ្តោះអាសន្នមុនHonda Keisuke មកដល់កាលពីដើមឆ្នាំ។
ចំពោះលោក Lee Tae Hoon ពេលនេះកំពុងកាន់អាជ្ញាប័ណ្ណ AFC Pro License ធ្លាប់បានចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចំនួន៣លើក មកហើយខណៈលើកដំបូងធ្វើឡើងពីខែ សីហា ឆ្នាំ ២០១០ ដល់ ខែ កក្កដា ឆ្នាំ ២០១២ ហើយលើកទី២ ចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៣ ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៥ និង លើកទី៣ នេះចាប់ពីខែ សីហា ឆ្នាំ ២០១៥ ដល់ ធ្នូ ២០១៦។ ក្រោយមកទៀតរហូតមកដល់បច្ចុប្បន្នលោកបានធ្វើជាគ្រូបង្វឹកក្រុមយុវជនថ្នាលក្រោមអាយុ១៥ឆ្នាំនៅសាលាបាល់ទាត់ជាតិបាទីវិញម្តង៕
Source: Kampuchea Thmey Daily
0 Comments