Ad Code

ក្រុមបាល់ទាត់​វិសាខា ដាក់​ផែនការ​បង្កើត​ក្រុម​យុវជន​ថ្នាល​១​ឈុត​ទៀត​បូក​ទាំង​ក្រុមបាល់ទាត់​នារី



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ប្រកាស​នៅក្នុង​ស​ន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ថា​ក្លិប​ត្រៀម​រៀបចំ​ក្រុមបាល់ទាត់​ថ្នាល​យុវជន​១​ក្រុម​ទៀត ​បូក​ពីលើ​ក្រុម​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U17) ដែល​មាន​ស្រាប់ ព្រមទាំង​បង្កើត​ក្រុមបាល់ទាត់​នារី​១​ក្រុម​ផងដែរ​។

លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា «សម្រាប់​ការ​ជ្រើសរើស​ក្រុម​យុវជន​ថ្នាល​១​ក្រុម​ទៀត​ គឺ​រើស​ក្រុម U14 ដោយ យើង​មាន​គម្រោង​ទៅ​ជ្រើសរើស​នៅ​តាម​បណ្ដា​ខេត្ត​ជា​ជំហាន​ដំបូង ដើម្បី​សម្រួល​ដល់​អ្នក​នៅ​តាម​ខេត្ត​មិន​ពិបាកធ្វើ​ដំណើរ​មករា​ជ​ធានី​ភ្នំពេញ​។ ពេល​ដែល​យើង​រើស​បាន​បេក្ខជន​តាម​ខេត្ត​គោលដៅ​ហើយ យើង​នឹង​រ៉ាប់រង​ឲ្យ​ពួកគាត់​មក​ធ្វើតេស្ដ​មួយ​តង់​ទៀត​នៅ​ភ្នំពេញ​តែម្ដង​»​។ សម្រាប់​លក្ខន្តិកៈ​ក្រុម​នារី ក៏​កំពុង​ស្ថិតក្នុង​ផែនការ​របស់​ក្រុម តែ​មិនទាន់​លម្អិត​បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​ការជ្រើសរើស​យុវជន U14 ជាមុនសិន​។



​សូម​បញ្ជាក់​ថា ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​ក្លឹប​វិសាខា បានសម្រេច​ប្តូរ​សមាសភាព​ដឹកនាំ​ថ្មី​ដោយ​ចាប់ពី​រដូវ​កាល​ឆ្នាំ​២០១៩ តទៅ​ដោយ​ប្រគល់​តួនាទី​ជា​ប្រធាន​ក្លិប​ជូន​លោកជំទាវ កែ សួន​សុ​ភី ស សុខា វិញ ស្របពេល​ប្រធាន​ក្លិប​ចាស់ ឯកឧត្តម ស សុខា មិនមាន​ពេលវេលា​គ្រាប់​គ្រាន់​ដើម្បី​ដឹកនាំ​ក្លិប ព្រោះ​លោក​កំពុង​មមាញឹក​ជាមួយ​តំណែង​ដែល​ទើប​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ក្រុម​វិសាខា បាន​បង្កើតឡើង​ពីថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម ស សុខា នៅ​កាលនោះ​។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជាង​៣០​នាក់ ដែលមាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួរ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន មាន​ទីតាំងនៅ​តាមផ្លូវ​លេខ​៥៩៨ ខាងឆ្វេង​ដៃ​ខ្លោងទ្វារ Grand Phnom Penh​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​។



សូម​រំលឹក​ថា ​ចំពោះ​ក្រុម​វិសាខា បាន​បញ្ចប់​រដូវ​កាល​ចាស់​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​២២​លើក ឈ្នះ​បាន​១៤​លើក ហើយ​ស្មើគ្នា​៣​លើក និង​ចាញ់​៥​លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​វិសាខា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ចាញ់​ក្រុម​ព្រះ​ខ័នរាជ​ស្វាយ​រៀង​២ទល់១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu