Ad Code

មាន​បណ្តឹង​ចំនួន​២ ទាក់ទង​នឹង​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង



ភ្នំពេញ ​៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ មាន​បណ្តឹង​ចំនួន​២ នៅ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​ចប់សព្វ​គ្រប់​ហើយ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨។

គ​.​ជ​.​ប បាន​បញ្ជាក់​ថា មាន​បណ្តឹង​ចំនួន​២ ទាក់ទង​នឹង​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ហើយ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ ក្នុង​រយៈពេល​៥​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨) នៃ​ការដាក់​ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​នៅ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយ​បណ្តឹង​ទាំង​២​នោះ រួមមាន ទី​១- ជា​បណ្តឹងតវ៉ា ត្រូវបាន​ដោះស្រាយ​រួច និង​ទី​២- ជា​បណ្តឹង​ជំទាស់​ចំនួន​១ បណ្តឹង​ត្រូវបាន​ដោះស្រាយ​រួច។

បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ បាន​ចែងថា បញ្ជី​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ត្រូវ​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅតាម​ទី​សាធារណៈ​ណាមួយ​ក្នុង​ឃុំ សង្កាត់​ទូទាំង​ប្រទេស​។ ជន​ណាក៏ដោយ​មាន​សិទ្ធិ​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់ ក្នុង​រយៈពេល​យ៉ាង​យូរ ៥​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង។

សូម​ជម្រាបជូន​ថា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង មិនមាន​ពាក្យបណ្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មក គ​.​ជ​.​ប ទេ​។ ចំណែកឯ​ក្នុង​ដំណាក់កាល​ចុះឈ្មោះ​បោះឆ្នោត ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨ ក៏​មិន​មាន​បណ្តឹង​តវ៉ា​នឹង​ការ​បដិសេធ​ការសុំ​ចុះឈ្មោះ​បោះឆ្នោត​ណាមួយ ត្រូវ​បាន​ដាក់​ទៅ ក្រុម​ប្រឹក្សាឃុំ សង្កាត់​នោះដែរ​។​

ជារួម​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ដែល​មាន​រយៈពេល ៥​ថ្ងៃ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ជូន​សាធារណជន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu