Ad Code

អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​រូប ​ជួប​គ្នា​ដណ្តើមពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម



អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​រូប នឹង​ឡើង​ប្រកួត​ដណ្តើមពាន​អនុស្សាវរីយ៍​បាយ័ន សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ឆ្នាំ​២០១៨។ អ្នក​ប្រដាល់​ទាំង​៤​រូប​នោះ រួមមាន ឌឹ​ម សារិទ្ធ មកពី​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម , នី​ម នន ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១, អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ និង​ស៊ឹម ប៊ុនឆៃ មកពី​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង។

ពួកគេ​ទាំង​៤​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍​ទី​០៨​ធ្នូ​២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ បន្ទាប់ពី​ឆ្លងកាត់​ការចាប់​ឆ្នោត​នោះ ឌឹ​ម សារិទ្ធ​នឹងត្រូវ​ជួប​ជាមួយ​នី​ម នន ហើយ អ៊ូច ភា​រិ​ទ្ធ ជួប​ជាមួយ ស៊ឹម ប៊ុនឆៃ។

រវាង​អ្នក​ប្រដាល់ ឌឹ​ម សារិទ្ធ និង នី​ម នន នេះ ពួកគេ​មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ។ ពីរ​នាក់​នេះ ពិបាក​ទស្សន៍ទាយ​ណាស់​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ សម្រាប់​ការជួបគ្នា​លើក​នេះ ព្រោះថា​នី​ម នន ថ្វីត្បិតតែ​គេ​មាន​ស៊ុ​ហ្វ​ខ្លាំង ប៉ុន្តែ​មិន​ប្រាកដថា​គេ​អាច​យកឈ្នះ​ឌឹ​ម សារិទ្ធ នោះទេ ព្រោះ​សារិទ្ធ គេ​ក៏​ខ្លាំង​និង​ល្អ​ដែរ ហើយ​មួយទៀត សារិទ្ធ ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​ធំ ស៊ូ​ចំពោះ​ការប្រកួត ។ និយាយ​រួម នី​ម នន ពិបាក​ទប់ទល់​ជាមួយ​ឌឹ​ម សារិទ្ធ ហើយ។​

ចំពោះ​អ៊ូច ធា​រិ​ទ្ធ និង ស៊ឹម ប៊ុនឆៃ វិញ ពួកគេ​ទាំងពីរ​នេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ម្តង​ហើយ កន្លងមក ដែល​កាលណោះ​ស៊ឹម ប៊ុនឆៃ​ឈ្នះ​ក្នុង​ទឹក​ទី​៣ ដោយ​ការ​ស៊ី​ឡាក​លើ​ធា​រិ​ទ្ធ ព្រោះតែ អ៊ូច ធា​រិ​ទ្ធ ប្រកួត​ខុស​លក្ខ​ណះ​បច្ចេកទេស​វាយ​ថែម​ទៅលើ​ដោយ​អ​ចេតនា​នោះ។

យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ ស៊ឹម ប៊ុនឆៃ​ទំនងជា​មិនអាច​ឈ្នះ​អ៊ូច ធា​រិ​ទ្ធ ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ។​

ទោះជា​យ៉ាងណា ក្នុងចំណោម​ពួកគេ​៤​នាក់​នេះ គេ​បានកត់សម្គាល់​ឃើញថា ឌឹ​ម សារិទ្ធ​និង អ៊ូច ធា​រិ​ទ្ធ គេ​មាន​ថ្វីដៃ​ល្អ​ដូចគ្នា ទាំង​បទពិសោធន៍ ទាំង​ក្បាច់គុន ទាំង​កម្លាំង​ស៊ុ​ហ្វ ដែល​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។ តែ​យ៉ាងណាក៏ដោយ គេ​មិនអាច​ទាយ​មុន​បាន​ថា ការប្រកួត​ដណ្តើមពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម​ឆ្នាំ​២០១៨​នេះ មិនដឹងថា​ធ្លាក់​ទៅលើ​នរណា​នោះទេ ។​

គួរបញ្ជាក់​អោយដឹងថា ការប្រកួត​នេះ​ប្រព្រឹត្ត​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ជ្រុះ​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើង​ខ្លាំង​ម្ចាស់​ពាន​ក្នុងពេល​តែមួយ ។
​ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ។​ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​
​ចំពោះ​ការប្រកួត​គូ​ឯក​វិញ​នោះ អេ រដ្ឋា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

ពីរ​នាក់​នេះ ពុំ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​ទេ​កន្លងមក ។​ប៉ុន្តែ​យ៉ាងណា រវាង​ពួកគេ​ទាំងពីរ នាក់​នេះ អេ រដ្ឋា គេ​ល្អ​និង​ខ្លាំង​ជាង​ឆាយ មាស តែ​មិន​ច្បាស់​ថា​អេ រដ្ឋា ឈ្នះ ឆាយ មាស នោះឡើយ​។​ការប្រកួត​ចុងក្រោយ​របស់​ឆាយ មាស គឺ​វាយ​ឈ្នះ​ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​គី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ហើយ​ការប្រកួត​ចុងក្រោយ​របស់​អេ រដ្ឋា​វិញ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Moeun Phich ក្នុង​ទឹក​ទី​៣​។​ដូច្នេះ ឆ្លងកាត់​ការប្រកួត​ចុងក្រោយ​នេះ បង្ហាញ​ឲ្យ​ឃើញថា អេ រដ្ឋា គេ​ល្អ​និង​ខ្លាំង​ជាង ឆាយ មាស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu