ភ្នំពេញ ៖ នៅម៉ោង ៨ព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ,លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ,លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ និង លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា រួមទាំងឥស្សរជនជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសឡាវសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith)ប្រធានរដ្ឋឡាវ, ជួបសវនាការជាមួយលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou)ប្រធានរដ្ឋសភា ជាតិឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ថងលូន ស៊ីសូលីត ដើម្បីពិភាក្សារិះរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួមនិងផលប្រយោជន៍ទៅវិញទៅមកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments