លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសជាផ្លូវការ ថា នឹងរៀបចំព្រឹត្តិការណ៍កីឡានៅតំបន់ប្រវត្តិសាស្ត្រភ្នំជាំ ដែលជាទីតាំងចុងក្រោយរបស់ខ្មែរក្រហមឲ្យបានមុនខួបលើកទី៤០នៃថ្ងៃជ័យជម្នះ ៧មករា។
នៅទីនោះ ប្រភេទកីឡាដែលអាចដាក់ឲ្យប្រកួត គឺរត់ឡើងភ្នំ និងដើរឡើងភ្នំ ដោយកាន់ឈើច្រត់ចំនួន២ដើម្បីជួយទប់ខ្លួន ដើម្បីឡើងភ្នំ ។ ប្រភេទកីឡានេះ នៅបរទេសគេចូលចិត្តលេងណាស់។
លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រភ្នំជាំ នេះ ជាទីតាំងចុងក្រោយរបស់ខ្មែរក្រហម ដែលទីនេះជាកន្លែងប្រជុំរបស់មេដឹកនាំកំពូលខ្មែរក្រហម ជាកន្លែងបញ្ចុះសពមេខ្មែរក្រហមសុន សេន ហើយក៏ជាផ្ទះរបស់តាម៉ុក និងកន្លែងបញ្ចុះសពប៉ុល ពតទៀតផង ។ មិនតែប៉ុណ្ណោះ ទីនោះក៏ជា ជោគជ័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះដែរ។
សព្វថ្ងៃ ទីនេះបណ្ដាអ្នកស្រាវជ្រាវ អង្គទូតនិង ជនបរទេសគេចូលចិត្តទៅទស្សនា និង សិក្សាពីទីនោះណាស់ ហេតុនេះហើយទើបក្រសួងទេសចរណ៍ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការគ្នាជាមួយអាជ្ញាធរខេត្តស្រុក ដើម្បីរៀបចំព្រឹត្តិការណ៍កីឡានៅទីនោះ ដើម្បីឲ្យអ្នកស្រករក្រោយបានដឹង ពីរបបឃោរឃៅរបស់ខ្មែរក្រហមនោះ៕
Source: Kampuchea Thmey Daily
0 Comments