Ad Code

សង្ស័យ​បែក​ថ្នាំ​ទាញ​កាំបិត​ដេញ​កាប់​ម្ដាយ​មិន​ឲ្យ​ចូល​ផ្ទះ​ត្រូវ​នគរបាល​ចាប់ខ្លួន



ភ្នំពេញ ៖ ដោយសារ​យុវជន ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់ បាន​យក​កាំបិត​បុ័ងតោ​ដេញ​កាប់​ម្ដាយ របស់​ខ្លួន​មិន​ឲ្យ​ចូល​ផ្ទះ​ឡើយ សង្ស័យ​បែក​ថ្នាំ​ហើយ​មើលទៅ ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​ជាប់​ខ្នោះ របស់​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ រវាង​កូន​ទាញ​កាំបិត​ដេញ​កាប់​ម្ដាយ មិន​ឲ្យ​ចូល​ផ្ទះ សង្ស័យ​គ្រឿងញៀន​ធ្វើទុក្ខ​រហូត​មាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ ពី​កម្លាំង​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ឃាត់ខ្លួន ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៥២៩ ផ្លូវជាតិ​លេខ​៥ ក្រុមទី​១៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ នា​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​។



ប្រភព​បន្ត​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនប្រុស​ឈ្មោះ មន្នី ច័ន្ទ​តារា ហៅ​ញ៉ា​ញ់ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែល​ជា​មុខសញ្ញា​ចាស់​ប្រើប្រាស់​ថ្នាំញៀន​នេះ​ដែរ គឺ​បាន​អនុវត្ត​ឡើង​ភ្លាមៗ ក្រោយពី​ទទួល​បាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ និង​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ជួប ចិន្តា អាយុ​៤១​ឆ្នាំ មានមុខ​របរ ជា​កម្មាការ​នី ស្នាក់នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ ដោយ​ក្នុង​ហេតុការណ៍​នោះ ដកហូត​បាន​កាំ​បិតប័ង​តោ​ចំនួន​០១ ផ្លែកាំបិត​ផ្គាក់​ចំនួន​០១ រួមជាមួយ​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។

ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ដែល​បាន​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ ទាញ​កាំបិត​ដេញ​កាប់​ម្ដាយ​របស់​ខ្លួន​មិន​ឲ្យ​ចូល​ផ្ទះ​បន្ទាប់ពី​ឃាត់ខ្លួន រួម​ជា​មួយ​វត្ថុតាង ត្រូវ​បាន​នាំ​យក​មក​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ក្នុង​ការកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu