Ad Code

មុខសញ្ញា​ចេញពី​គុក​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​លើក​ទី​៣



កណ្តាល​ ៖​ មុខសញ្ញា​ចេញពី​គុក​ពាក់​ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​និង​ប្រព្រឹត្ត​អំពើ​ហិង្សា​រួម​នឹង​បក្ខពួក​ម្នាក់ទៀត​បាន​ត្រូវ​សម​ត្ត​កិច្ច​នគរបាល​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន ​ខ​ណៈ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅក្នុង​មូលដ្ឋាន​។

ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ ត្រូវ​បាន​បង្ក្រាប​នេះ​ធ្វើឡើង នៅ​ថ្ងៃ ច័ន្ទ ១១​រោច ខែកត្តិក ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤​និង​៣០​នាទី នៅ​ចំណុច ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។

លោក​វរសេនីយ៍​ឯក សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យដឹងថា​ ជនសង្ស័យ ចំនួន​០២​នាក់ (​ឃាត់ខ្លួន​) ១ / ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។ (​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល ចំនួន ០២​លើក ពី​បទ​ហិង្សា​ដោយ​ចេតនា ចំនួន ០១​លើក រយៈពេល ០៧​ខែ កាលពី​ឆ្នាំ​២០១៣ និង បទ ជួញដូរ​គ្រឿងញៀន ចំនួន ០១​លើក រយៈពេល ០២​ឆ្នាំ កាលពី​ឆ្នាំ​២០១៦ )។



២ / ឈ្មោះ ឌុល ម៉ារ​ឌី ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។

វត្ថុតាង​ចាប់​យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០២​កញ្ចប់​តូច។ លោក​អធិការ​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ។

ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​ខ្ពប បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ឌុល ម៉ារ​ឌី បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ឌុល ម៉ារ​ឌី បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច​នេះ ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ចំណុច​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង បាន​ឲ្យ​ខ្លួន​(​ម៉ារ​ឌី​)​យក​ទៅ​លក់​ឲ្យ​គេ​មិន​ស្គាល់ឈ្មោះ ចំនួន ០១​កញ្ចប់​តូច តម្លៃ ៥០,០០០៛ ចំណែក គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ទៀត ឈ្មោះ សុខ ដា ឲ្យ​ខ្លួន។

បន្ទាប់មក​សមត្ថកិច្ច​នគរបាល បាន​បន្តទៅ​ឃាត់ខ្លួន ឈ្មោះ សុខ ដា នៅ​ចំណុច​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ សុខ ដា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ឈ្មោះ ឌុល ម៉ារ​ឌី យក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ទៅ​ឲ្យ​គេ​ពិតប្រាកដ​មែន។ ចំណែក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច ខ្លួន​ទិញ​ពី​ឈ្មោះ លីម ភេទ​ប្រុស ៣៥​ឆ្នាំ នៅ​ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល តម្លៃ ៤០,០០០៛ ដើម្បី​យកទៅលក់​បន្ត ក្នុង​០១​កញ្ចប់​តូច ៥០,០០០៛។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu