កោះកុង ៖ នាយប់ថ្ងៃទី១២ធ្នូម្សិលមិញ ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការ និងក្រុមការងារ បច្ចេកទេស រៀបចំតំឡើងវេទិកា ប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ រួចបន្តចុះទៅពិនិត្យដល់ច្រកទ្វារអន្តរជាតិ កម្ពុជា -ថៃ ក្នុងគោលបំណងជំរុញ ការរៀបចំតុបតែងលម្អ ច្រកទ្វារអន្តរជាតិ និង ស្តង់ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារ បច្ចេកទេសផ្នែកតំឡើង វេទិកា ធ្វើយ៉ាងណាខិតខំធ្វើឲ្យបានចប់មុនពិធីក្រុងពាលី នារសៀលថ្ងៃទី១៣ធ្នូនេះ ចំណែកឯភ្លើងត្រូវដាក់បំភ្លឺនៅតាមដើមឈើជុំវិញវេទិកាបន្ថែម ពិសេសស្លាកប៉ាណូបុណ្យសមុទ្រ ត្រូវតែមានភ្លើងបំភ្លឺផងដែរ។
ក្នុងរាត្រីនោះ ឯកឧត្ដម រដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានបន្តចុះត្រួតពិនិត្យតាមបណ្តោយផ្លូវឆ្ពោះទៅច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ និងបានជំរុញដល់ក្រុមការងារបច្ចេកទេសដាក់បន្ថែមស្តង់ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជំរុញដល់មន្ត្រីច្រករៀបចំសម្អាតបរិស្ថានក្នុងបរិវេណច្រកទ្វារអន្តរជាតិ តុបតែងបន្ថែមភ្លើងបំភ្លឺផ្លូវ ដើម្បីសោភ័ណភាព តាមដងផ្លូវ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់របស់ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះផ្លូវធ្វើដំណើរមកខេត្តកោះកុង គឺផ្លូវលេខ៤៨ បានជួសជុលរួច១០០%អស់ហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលមានបំណង មកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង សូមកុំព្រួយបារម្ភឡើយ។
សូមជម្រាបផងដែរថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុងឆ្នាំនេះ នឹងប្រព្រឹត្តចាប់ថ្ងៃទី១៤ ដល់១៦ធ្នូ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ អមដោយពាក្យស្លោក “អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” ។ ចំពោះពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៧ ជុះទី២ ទទួលបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕
Source: Kampuchea Thmey Daily
0 Comments