ភ្នំពេញ ៖ ជនសង្ស័យ ជាបុគ្គលិកក្រុមហ៊ុន 4DAY ម្នាក់ ត្រូវប្រធានក្រុមហ៊ុន ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីចាញ់ល្បែង ហើយបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង ព្រមទាំងសម្ភារៈក្នុងការិយាល័យមួយចំនួនទៀតនោះ។
ការឃាត់ខ្លួន ធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបុរីពិភពថ្មី បឹងឈូកភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ជនសង្ស័យខាងលើ ឈ្មោះ ម៉ុក សុភក្ត្រា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន។
ចំណែកជនរងគ្រោះ ឈ្មោះ ខេន ជីអូកា ភេទប្រុស ជនជាតិជប៉ុន ស្នាក់នៅផ្ទះលេខ20E០ ផ្លូវបេតុង ក្រុមទី៣ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ ប្រធានក្រុមហ៊ុន។
សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនបានដកហូតសម្ភារៈរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាគ្លីច ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1GK-6023 និង ទូរស័ព្ទម៉ាកអាយហ្វូនស៊ីវែន ប្រគល់ជូនជនរងគ្រោះបណ្ដោះអាសន្ន។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យ គឺជាបុគ្គលិកបម្រើការនៅក្រុមហ៊ុន 4day ដែលនៅទីតាំងកើតហេតុខាងលើ បានចូលធ្វើការតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លុះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំដដែល ប្រធានក្រុមហ៊ុនបានឲ្យសោក្រុមហ៊ុនមកជនសង្ស័យកាន់ ព្រោះគាត់ត្រូវទៅប្រទេសជប៉ុនមួយរយៈ ដោយឃើញឱកាសល្អ និងជំពាក់បំណុលគេច្រើនផង ព្រោះចាញ់ល្បែង ទើបនៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានលួចយកម៉ូតូ និងទូរស័ព្ទមួយគ្រឿង រួមទាំងសម្ភារៈការិយាល័យ ហើយគេចខ្លួន រហូតមកដល់ថ្ងៃទី១២ធ្នូ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យនៅក្នុងបុរីពិភពថ្មីភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ហើយបានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments