ប្រដាល់ ៖ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ប្រដាល់គុនខ្មែរ និងសាកល បានបើកសម្ពោធហើយ កាលពីរសៀលថ្ងៃទី១២ធ្នូ នៅតំបន់វិហារសួគ៌ ហើយតាមការគ្រោងទុកនោះ នឹងត្រូវបិទបញ្ចប់នារសៀលថ្ងៃទី១៦ធ្នូខាងមុខ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលជាគណៈអធិបតីក្នុងពិធីសម្ពោធបើកការប្រកួតនេះ បានសំណូមពរឲ្យមន្ត្រីបច្ចេកទេសត្រូវតែកាត់ក្ដីដោយយុត្តិធម៌ ដើម្បីកុំឲ្យលេចឮនូវព័ត៌មានមិនល្អ តាមទំព័របណ្ដាញសង្គម(ហ្វេសប៊ុក) ។
ការប្រកួតប្រដាល់ជើងឯកថ្នាក់ជាតិនេះ បានប្រើប្រាស់សង្វៀនពីរ គឺប្រដាល់សាកលប្រកួតលើសង្វៀនផ្សេង ឯ ប្រដាល់គុនខ្មែរប្រកួតលើសង្វៀនផ្សេង។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា សម្រាប់ប្រដាល់គុនខ្មែរមានអ្នកចូលរួមចំនួន១៧៦នាក់។ ពួកគេមកពី១៤រាជធានី-ខេត្ត និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំពោះប្រដាល់សាកលវិញនោះ លោក ប៊ួយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការរបស់សហព័ន្ធ បានឲ្យដឹងដែរថា មានកីឡាករ-កីឡាការិនីចូលរួមចំនួន១១៩រូប ដែលមកពី៩រាជធានី-ខេត្ត និងក្រសួង៣ គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
លោកឧត្ដមសេនីយ៍ រាជ សុផែន ដែលជាអគ្គលេខាធិការរងសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងដែរថា ក្នុងចំណោមអ្នកប្រដាល់គុនខ្មែរទាំងចំនួន១៧៦នាក់នេះ មានចំនួន៩ប្រភេទទម្ងន់។ ចំពោះប្រដាល់សាកលដែលមានចំនួន១១៩នាក់វិញនោះ មានចំនួន៨ប្រភេទទម្ងន់។
លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ដែលជាប្រធានសហព័ន្ធប្រដាល់សាកល ក៏បានបង្ហាញនូវការជឿជាក់ដែរថា មន្ត្រីបច្ចេកទេសរបស់លោកនឹងត្រូវប្រជុំរាល់មុនពេលការប្រកួតចាប់ផ្ដើមដើម្បីឲ្យការប្រកួតនេះធានាបាននូវភាពយុត្តិធម៌។
លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរបានអះអាងថា ការប្រកួតនេះនឹងបញ្ចប់ទៅដោយយុត្តិធម៌ លោកនឹងនៅជាប់ជាមួយការប្រកួតនេះរហូត។
សូមបញ្ជាក់ថា ការប្រកួតនេះ ធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ដែលរាល់ការចំណាយសព្វបែបយ៉ាងតាំងពីការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងប្រាក់រង្វាន់ ជាដើម គឺថិតក្នុងគម្រោងថវិការដ្ឋទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments