ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅក្នុងភូមិក្ដុរលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រកបរបរពុះឫស្សី ធ្វើរនាបលក់ ទទួលបានជីវភាពធូរធារល្អប្រសើរ។
លោក អុល អឿន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ/ឃុំខាងលើបានឲ្យដឹងថា លោកប្រកបរបរពុះឫស្សី ធ្វើរនាបលក់នេះរយៈពេល៧ឆ្នាំមកហើយៗ វាជួយឲ្យមានជីវភាពរបស់គាត់សមរម្យ មានលុយកាក់សម្រាប់ចាយវាយដោះស្រាយក្នុងគ្រួសារស្រួលគួរសមដែរ។
លោក អុល អឿន បន្តទៀតថា គាត់ដើរទិញឫស្សីពីប្រជាពលរដ្ឋនៅជិតៗភូមិ និងភូមិផ្សេងៗ ជួនកាលទៅទិញដល់ខេត្តក្រចេះថែមទៀតផងដែរ។ ក្នុងឫស្សី១ដើម តម្លៃ៤.០០០រៀល យកមកពុះ ក្នុងឫស្សី១ដើម ពុះបានចាប់ពី ៦ទៅ ៨សន្លឹក ដោយជួលគេពុះ១០០សន្លឹក តម្លៃ២០.០០០រៀល (២ម៉ឺនរៀល) ពុះរួចយើងយកទៅត្រាំទឹករយៈពេលពី១សប្ដាហ៍ ទៅកន្លះខែ ទើបយើងហាលដាក់លក់ ធ្វើដូចនេះ គឺការពារកុំឲ្យមេស៊ី ប្រើប្រាស់បានយូរឆ្នាំ គុណភាពរនាបល្អជាងគេ គឺ លេខ១-រនាបឫស្សីស្រុកចិន លេខ២- គឺឫស្សីព្រៃ និងលេខ៣-គឺឫស្សីស្រុក។
លោក អឿន បន្ថែមទៀតថា ចំពោះទីផ្សាររនាប មានបងប្អូនក្នុងស្រុក និងក្រៅស្រុកមកកុម្ម៉ង់ទិញយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានឈ្មួញកណ្ដាលមកទទួលទិញដល់ផ្ទះតែម្ដងយកទៅលក់ចែកចាយបន្ត ក្នុងរនាប១បាច់មានចំនួន៥០សន្លឹក ប្រវែង៩ម៉ែត្រ តម្លៃ៧ម៉ឺនរៀល តាមវែង តាមខ្លី ទីផ្សាររនាបល្អមិនចុះឡើង ដូចទីផ្សារពោត និងដំឡូងទេ បើប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះ តម្លៃនៅតែថេរដដែល។
លោក សេះ ហ៊ីម ជាមេឃុំទ្រា បានឲ្យដឹងថា នៅក្នុងភូមិក្ដុរលើនេះមានប្រជាពលរដ្ឋចំនួន១៧៨ គ្រួសារ ហើយអ្នកប្រកបរបរពុះឫស្សីលក់នោះ គឺមានរហូតដល់៩០ភាគរយឯណោះ ហើយសុទ្ធតែមានជីវភាពសមរម្យល្អ ជាងនេះទៀតភូមិនេះ ក៏គ្មានអ្នកធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសនោះទេ៕
Source: Kampuchea Thmey Daily
0 Comments