Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ នាំ​យក​អំណោយ​ផ្តល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣៥​គ្រួសារ​នៅ​ព្រែកប្រា



ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា ​អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​រួម​ដំណើរ​ដោយ​លោក លោកស្រី​អភិបាលរងខណ្ឌ​បាន​នាំ​យក​អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារអំពៅ​ផ្តល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ជីវភាព​ចំនួន​៣៥​គ្រួសារ​រស់នៅ​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

ពិធី​ប្រគល់​អំណោយ​នេះ​បាន​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១១​ខែធ្នូ​។ ក្នុង​ពិធី​ប្រគល់​អំណោយ​លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ថា​ នៅពេល​ថ្មីៗ​នេះ​លោក​បាន​ទទួល​ព័ត​មាន​ពី​លោក​ចៅសង្កាត់​ព្រែកប្រា​ថា ​មាន​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​កំពុង​ខ្វះខាត​ជីវភាព​ហើយ​ភ្លាមៗ​នោះ ​លោក​ក៏បាន​រៀបចំ​អំណោយ​របស់​អនុ​សាខា​កាកបាទ​កម្ពុជា​ខណ្ឌ​យក​មក​ជូន​ដល់ដៃ​ដោយ​ពុំ​ពន្យារពេល​ឡើយ​។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា​ អំណោយ​របស់​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារអំពៅ​ ដែល​យក​មក​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ​គឺ​ទទួល​បាន​ពី​សប្បុរសជន​ពិសេស​ពី​តាម​ទី​អា​រ៉ា​ម​ក្នុង​មូលដ្ឋាន​ខណ្ឌ​តែម្តង​។ សកម្មភាព​មនុស្សធម៌​ដែល​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​អនុវត្តន៍​សព្វ​ថ្ងៃ​នេះ​ គឺ​អាជ្ញាធរ​យើងខ្ញុំ​បាន​យោង​តាម​ប្រសាសន៍ ណែនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុ​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​សម្តេច​តែងតែ​ជំរុញ​ដល់​អាជ្ញាធរ​តាម​បណ្តា​មូលដ្ឋាន​ត្រូវ​នាំ​យក​អំណោយ​ទៅ​ផ្តល់​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ជីវភាព​ខ​ណៈ​ដែល​ពេលដែល​បានដឹង​ហើយ​ត្រូវ​រួសរាន់​ជួយ​ភ្លាមៗ​និង​ពុំ​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​ឲ្យ​តែ​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។

ចំពោះ​អំណោយ​ដែល​ផ្តល់​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព​ចំនួន​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែកប្រា​ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​១០​កញ្ចប់ ទឹក​ស៊ីអ៊ី​វ​១​យួរ ទឹកត្រី​១​យួរ ត្រីខរ​៥​កំប៉ុង ស្ករស​១​កញ្ចប់​ទឹក​គោ​១​កំប៉ុង តែ​៣​កញ្ចប់​មុង កន្ទេល ខ្នើយ​មួយ​សម្រាប់​និង​ថវិកា​៣០,០០០​រៀល​។

គួរ​បញ្ជាក់​ថា ​ជា​រៀងរាល់​សប្តាហ៍ លោក​អភិបាលខណ្ឌ​ច្បារអំពៅ​តែង​នាំ​យក​អំណោយ​ផ្តល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ជីវភាព​ទាំង​៨​សង្កាត់​មិនដែល​ខកខាន​ម្តង​ណា​ឡើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu