Ad Code

ស្នើ​ឲ្យ​មូលនិធិ​ISF បន្ដ​គាំទ្រ​បង្ក​លក្ខណៈ​យោគយល់ ដើម្បី​ទទួល​បាន ហិរញ្ញប្បទាន​សម្បទាន​សហគមន៍ ដល់​កម្ពុជា



ទីក្រុង​រី​យ៉ា​ដ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ទីក្រុង ម៉ា​ក្កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ទៅ​ចូលរួម សន្និសីទ​អន្តរជាតិ ស្តីអំពី "​សាមគ្គីភាព​ឥស្លាម មុននឹង​ចាប់​សន្និសីទ​នេះ នៅ​ឯ​ទីក្រុងរីយ៉ា​ដ លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​អញ្ជើញ ជួបពិភាក្សា​ការ ងារ​ជាមួយ លោក Eng. Yousef Ibrahim Al-Bassam អនុប្រធាន​មូលនិធិ​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​ការអភិវឌ្ឍ​(SFD)។ នៅក្នុង​ជំនួប​នោះ​លោក​ទេសរដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​មូលនិធិ​ISF បន្ដ​គាំទ្រ​បង្ក​លក្ខណៈ​យោគយល់ ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​៤​កើត​ ខែមាគសិរ ឆ្នាំច ​សំរឹទ្ធិស័ក ​ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​១១​ធ្នូ ឆ្នាំ​២០១៨។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​ថា ​ជំនួប​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជំរុញ​អំពី​លក្ខណៈ​លើកលែង​ផ្សេងៗ​របស់ SFD ដល់​កម្ពុជា ដើម្បី បាន​ទទួល​កម្ចីសម្បទាន​ពី​មូលនិធិ​នេះ ក្នុង​គម្រោង​អភិវឌ្ឍន៍​វិស័យ​នានា។

លោក Eng. Yousef Ibrahim បាន​ថ្លែង​បញ្ជាក់​ថា ​លោក​សូម​គាំទ្រ​ជានិច្ច​ទៅលើ​គម្រោង​សម្បទាន​នេះ តប​នឹង​កំណើនសេដ្ឋកិច្ច​ជា​វិជ្ជមាន​របស់​កម្ពុជា​ដល់​ទៅ​ជាង​៧​ភាគរយ​កំឡុង​ពេល​ជាង​១​ទសវត្ស​មកនេះ ហើយ​លោក​នឹង​ពិនិត្យមើល​ពី​លទ្ធភាព​សម្រួល​លក្ខណៈ​មួយ​ចំនួន​ទៀត តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ដើម្បី​ឈាន​ដល់​ការ​ផ្តល់​កម្ចីសម្បទាន​នេះ មកកាន់​កម្ពុជា ឲ្យ​បាន​ជោគជ័យ​។



លោក​បាន​រំលឹកថា មូលនិធិ​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​ការ​អភិវឌ្ឍ (SFD) ជា​ស្ថាប័ន​សាធារណៈ ក្រោម​ការដឹកនាំ​របស់​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត មាន​កញ្ចប់​ថវិកា​ឯករាជ្យ ដែល​មាន​ដើមទុន​សរុប​ប្រមាណ ៩​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​បន្ថែម​ថា មូលនិធិ SFD បង្កើតឡើង​នៅ​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ​១៩៧៤ និង​បាន​ផ្តើម​អនុវត្ត​ការ​សកម្មភាព នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​១៩៧៥ ដែល​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់​ហិរញ្ញប្បទាន សហប្រតិបត្តិការ ទៅលើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ជា​អាទិភាព​នានា នៅ​តាម​បណ្តា​ប្រទេស​ចំនួន ៨២ នៅ​លើ​ពិភពលោក លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន ៦០៩ គម្រោង សរុប​ជា​ទឹកប្រាក់​ឥណទាន​ប្រមាណ​ជាង ១៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ប្រទេស​នៅ​អាស៊ី​ចំនួន ២៩ (​អាស៊ាន​ចំនួន​៦ ប្រទេស​) ដែល​ទទួលផល​ពី ឥណទាន​នេះ សរុប​ប្រមាណ​ជាង ៥៧៧ លាន​ដុល្លារ ដូចជា​ឥណ្ឌូណេស៊ី​,​វៀតណាម​, ម៉ាឡេស៊ី​,​ថៃ និង​ហ្វីលីពីន។

គណៈប្រតិភូ​មូលនិធិ SFD ក៏​ធ្លាប់​បានមក​ទស្សនកិច្ច​សិក្សា​ពី​គម្រោង​ផ្តល់​កម្ចី​ហិរញ្ញប្បទាន នៅ​កម្ពុជា​ផងដែរ កាលពីដើមឆ្នាំ​២០១៨ ពី​ថ្ងៃ​ទី​២៥-២៧ ខែមករា ដោយ​ក្នុង​ឱកាស​នោះ គណៈ​ប្រតិ​ភួ​ក៏បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក បណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក បេសកកម្ម​ពិសេស​,​លោក ហ៊ឹម ឆែម ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា , លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អេង ហួត តំណាង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង​លោក អ៊ឹម សួរ អគ្គលេខាធិការ​រង​តំណាង លោក​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​CDC ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu