គ្រាប់បាល់នៅតង់ទី១របស់កីឡាករ Mohamed Salah បានជួយឲ្យក្រុម Liverpoolឈ្នះក្រុម Napoli១-០ នៅក្នុងទឹកដី Anfield កាលពីថ្ងៃអង្គារ ដែលមើលឃើញពួកគេឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ហើយក្រុមអ៊ីតាលីមួយនេះ ត្រូវហាលអាវ។
ក្រុម Liverpoolបានដឹងច្បាស់ថា ជ័យជំនះ១-០ ឬជ័យជំនះដោយ២គ្រាប់ ឬច្រើនជាងនេះ នឹងល្មមគ្រប់គ្រាន់ ធ្វើឲ្យពួកគេក្លាយជាក្រុមកំពូលទាំង២នៅលើពូល C ហើយកីឡាករ Salah បានក្លាយជាវិរបុរសម្តងទៀតសម្រាប់ក្រុមម្ចាស់ផ្ទះ ដើម្បីរកបានគ្រាប់បាល់ឈ្នះនៅនាទី៣៤។
ក្រុម Napoli បានព្យាយាមតាមស្មើផងដែរនៅក្នុងតង់ទី២ ដោយអ្នកចំទី Alisson របស់ក្រុម Liverpool សង្គ្រោះបានបាល់របស់កីឡាករ Arkadiusz Milik នៅម៉ោងបញ្ចប់ការប្រកួត ប៉ុន្តែក្រុមម្ចាស់ផ្ទះលេងការពារបានយ៉ាងរឹងមាំបំផុត ដោយហេតុថា ពួកគេទើបតែរបូតគ្រាប់បាល់៦គ្រាប់ប៉ុណ្ណោះ នៅ Premier League គិតមកទល់នឹងពេលនេះក្នុងរដូវកាលនេះ។
ដោយឡែក ជ័យជំនះ៤-១របស់ក្រុម Paris St Germain លើក្រុម Red Star Belgrade មានន័យថា ពួកគេក្លាយជាក្រុមឈរនៅលើកំពូលតារាង មាន១១ពិន្ទុ ខណៈដែលក្រុម Liverpool ឈរនៅលេខរៀងទី២ មាន៩ពិន្ទុ ដោយសារមានគ្រាប់បាល់ច្រើនជាងក្រុម Napoli។
លោក Jurgen Klopp ដាក់ខ្សែបម្រើឲ្យលេង៣នាក់ ដូចជាពេលដែលប៉ះជាមួយក្រុម PSG នៅការប្រកួត Champions League ចុងក្រោយរបស់ពួកគេ ហើយក្រុម Napoli ពិតជាពិបាកខ្លាំងណាស់ក្នុងការទម្លុះខ្សែការពារក្រុមមួយនេះ៕
Source: Kampuchea Thmey Daily
0 Comments