ប្រទេសអារ៉ាប់រួម បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងដាម៉ាសកាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាសញ្ញាថ្មីបំផុតនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយករដ្ឋាភិបាលស៊ីរីឲ្យត្រលប់មកកាន់ក្រុមអារ៉ាប់វិញ។
អារ៉ាប់រួមបានបំបែកទំនាក់ទំនងជាមួយស៊ីរីនៅខែកុម្ភៈឆ្នាំ២០១២នៅពេលមានការបង្ក្រាបបាតុកម្មទូទាំងប្រទេសដែលការទាមទារឲ្យផ្លាស់ប្តូររបបបានប្រែក្លាយទៅជាសង្គ្រាមដ៏សាហាវមួយ។
រយៈពេលជិត៧ឆ្នាំក្រោយ ទង់អារ៉ាប់រួមត្រូវបានលើកឡើងម្តងទៀតអំឡុងពិធីមួយដែលមានការចូលរួមពីសំណាក់អ្នកការទូតនិងអ្នកកាសែត។
សេចក្តីថ្លែងការណ៍មួយរបស់អារ៉ាប់រួមបាននិយាយថា ភារៈធារីស្តីទីបានចាប់ផ្តើមធ្វើការរួចហើយនិងបានសង្កត់ធ្ងន់ថា អារ៉ាប់រួមចង់នាំយកទំនាក់ទំនងឲ្យត្រលប់ទៅរកផ្លូវធម្មតាឡើងវិញ។
សេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយទៀតថា ការបន្តទំនាក់ទំនងឡើងវិញគឺមានគោលបំណងគាំទ្រអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសស៊ីរីហើយបានកើតឡើងស្របពេលប្រឈមមុខនឹងគ្រោះថ្នាក់នៃការជ្រៀតជ្រែកក្នុងតំបន់។
ពាក្យចចាមអារ៉ាមស្តីអំពីការបើកស្ថានទូតអារ៉ាប់រួមឡើងវិញត្រូវបានគេចែករំលែកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះខណៈការងារជួសជុលត្រូវបានគេប្រទះឃើញនៅនឹងកន្លែង។
ដំណើរទស្សនកិច្ចទៅកាន់ក្រុងដាម៉ាសរបស់ប្រធានាធិបតីស៊ូដង់ Omar al-Bashir កាលពីដើមខែនេះត្រូវបានអ្នកសង្កេតការណ៍ខ្លះមើលឃើញថាជាសញ្ញាមួយនៃកិច្ចប្រឹងប្រែងក្នុងតំបន់ដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ។
ពីរបីម៉ោងក្រោយពីការប្រកាសរបស់អារ៉ាប់រួម, ប្រទេសបារ៉ែនក៏បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការបើកស្ថានទូតរបស់ខ្លួននៅទីក្រុងដាម៉ាសឡើងវិញផងដែរដែលបានបិទទ្វារចាប់តាំងពីខែមីនាឆ្នាំ២០១២មក។
គួរបញ្ជាក់ថា ប្រទេសស៊ីរីត្រូវបានផ្អាកពីសម្ព័ន្ធអារ៉ាប់ក្នុងខែវិច្ឆិកាឆ្នាំ២០១១នៅពេលដែលចំនួនអ្នកស្លាប់មានការកើនឡើង។
ជម្លោះនេះបានសម្លាប់មនុស្សច្រើនជាង៣៦០,០០០នាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments