Ad Code

រឿងរ៉ាវ​ធំៗ​បំផុត​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨



ការបំពុល​ចារកម្ម​រុស្ស៊ី​
នៅ​ថ្ងៃទី​៤​ខែមីនា អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ឈ្មោះ Sergei Skripal​និង​កូនស្រី​ពេញវ័យ​របស់គាត់​ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​និង​ពុល​នៅលើ​កៅអី​ក្នុង​ទីក្រុង​Salisbury ប្រទេស​អង់គ្លេស​។​



ក្រុង​ឡុង​ដ៍​បាន​ចង្អុល​ដាក់​ក្រុង​មូ​ស្គូ​ហើយ​នៅ​ខែកញ្ញា​បានចេញ​ដីកាចាប់ខ្លួន​សកម្មជន​រុស្ស៊ី​ពីរ​នាក់​សម្រាប់​ការប៉ុនប៉ង​សម្លាប់​ឪពុក​កូន​ត្រកូល​Skripal​។​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុង​មូ​ស្គូ​បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់​។​

អ្នក​ទាំងពីរ​បាន​រួច​ជីវិត​ប៉ុន្តែ​នៅក្នុង​ខែមិថុនា ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​Novichok​នៅក្នុង​ភូមិ​មួយ​ខាងក្រៅ​ទីក្រុង Salisbury​។ ដៃគូ​របស់​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​។​

ជ័យជម្នះ​របស់​របប​ស៊ី​រី​
​នៅ​ថ្ងៃទី​១៤​ខែមេសា កងទ័ព​ស៊ី​រី​បានប្រកាសថា កងកម្លាំង​ប្រឆាំង​របប​ទាំងអស់​ត្រូវបាន​បណ្តេញ​ចេញពី​តំបន់​ហ្គោ​តា​ភាគ​ខាងកើត​ជាប់​នឹង​ក្រុង​ដា​ម៉ាស​បន្ទាប់ពី​ការវាយលុក​រយៈពេល​ពី​រ​ខែ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​១,៧០០​នាក់​ស្លាប់​។​



វា​គឺជា​ជ័យជម្នះ​ដ៏​ធំ​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ឡើងវិញ​បន្ទាប់ពី​ការបះបោរ​ឆ្នាំ​២០១១​ដែល​បាន​អូសទាញ​ប្រទេស​ទាំងមូល​ឲ្យ​ធ្លាក់​ចូលទៅក្នុង​ជម្លោះ​ដ៏​កាច​សាហាវ​។​

នៅ​ថ្ងៃ​ដដែល​នោះ សហរដ្ឋអាមេរិក អង់គ្លេស​និង​បារាំង​បាន​បើក​ការវាយប្រហារ​មុនពេល​ថ្ងៃ​រះ​ប្រឆាំងនឹង​របប​របស់លោក​ប្រធានាធិបតី Bashar al-Assad ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​គីមី​ដ៏​គួរ​ឲ្យ​សង្ស័យ​នៅ​ទីក្រុង​ឌូ​ម៉ា​ដែល​បានសម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់​។ យ៉ាងណាក្តី របប​នេះ​បាន​បដិសេធ​ការចោទប្រកាន់​។​

លោក​TRUMP ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
​នៅ​ថ្ងៃទី​៨​ខែឧសភា លោក​ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ដែល​កំណត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំងនឹង​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​។​



លោក Trump និយាយថា “​កិច្ចព្រមព្រៀង​តែ​ម្ខាង​”​គឺ​មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​ប្រទេស​អ៊ីរ៉ង់​ពី​ការបង្កើត​គ្រាប់បែកនុយក្លេអ៊ែរ​នោះទេ​។​

ភាគី​ដែល​នៅ​សេសសល់​ដូចជា​អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី​និង​ចិន​បាន​ទទូចថា អ៊ីរ៉ង់​បាន​គោរព​តាម​ការសន្យា​របស់ខ្លួន​ហើយ​ប្តេជ្ញា​ថា​នឹង​រក្សា​កិច្ចព្រមព្រៀង​នេះ​ឲ្យ​នៅ​ដដែល​។​

សហរដ្ឋអាមេរិក​រើ​ស្ថានទូត​ទៅ​ទីក្រុង យេ​រូ​សា​ឡឹម​
​នៅ​ថ្ងៃទី​១៤​ខែឧសភា សហរដ្ឋអាមេរិក​បាន​បើក​ស្ថានទូត​ថ្មី​របស់ខ្លួន​នៅ​ក្រុង​យេ​រូ​សា​ឡឹម​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បា​យ៉ាងខ្លាំង​ហើយ​បាន​បំផ្លាញ​គោលនយោបាយ​អន្ដរជាតិ​រយៈពេល​ជាច្រើន​ឆ្នាំ​។​



ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅតាម​ព្រំដែន​អ៊ីស្រាអែល​និង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្គា​ហ្សា​។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រហែល​៦០​នាក់​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​អ៊ីស្រាអែល​។​

ជំនួប​រវាង​លោក ត្រាំ និង​លោក គីម​
នៅ​ថ្ងៃទី​១២​ខែមិថុនា លោក ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ជួបប្រជុំគ្នា​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​កិច្ចប្រជុំ​ជា​លើកដំបូង​មិន​ធ្លាប់មាន​រវាង​មេដឹកនាំ​កំពុងកាន់​តំណែង​នៃ​ប្រទេស​ទាំងពីរ​។​

អ្នក​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុង​ព្យុងយ៉ាង​ចំពោះ “​ការលុបបំបាត់​នុយក្លេអ៊ែ​រទាំង​ស្រុង​ចេញពី​ឧបទ្វីប​កូរ៉េ​”​។​
​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ កូរ៉េខាងជើង​បាន​ចាត់វិធានការ​ជាក់ស្តែង​តិចតួច​ណាស់​ដើម្បី​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​ភាគី​ទាំងពីរ​មាន​ជម្លោះ​លើ​អត្ថន័យ​នៃ​កិច្ចព្រមព្រៀង​ដែល​មិន​ច្បាស់លាស់​នេះ​។​



សង្គ្រាម​យេ​មែន​រាលដាល​ទៅដល់​កំពង់ផែ​ជំនួយ​
​នៅ​ថ្ងៃទី​១៣​ខែមិថុនា សង្គ្រាម​ក្នុងប្រទេស​យេ​មែន​កាន់តែខ្លាំង​ឡើង​នៅពេល​កងកម្លាំង​សម្ព័ន្ធ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​និង​អារ៉ាប់​រួម​បាន​បើក​ការវាយប្រហារ​មួយ​ដើម្បី​ដណ្តើម​ការគ្រប់គ្រង​កំពង់ផែ​ជំនួយ​ដ៏​សំខាន់​របស់​ទីក្រុង​Hodeida ពី​ពួក​ឧទ្ទាម​Huthi​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​មកវិញ​។​

យោងតាម​ទីភ្នាក់ងារ​ផ្តល់ជំនួយ​បាន​ឲ្យ​ដឹងថា សង្គ្រាម​ដែល​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៤​បានសម្លាប់​មនុស្ស​ប្រហែល​១០,០០០​នាក់​ខណៈ​២០​លាន​នាក់​មាន​ហានិភ័យ​នៃ​ភាពអត់ឃ្លាន។​

ភាគី​ទាំង​ពីរបាន​ជួបគ្នា​សម្រាប់​កិច្ចចរចា​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ​ក្នុងប្រទេស​ស៊ុយអែត​នៅ​ដើមខែ​ធ្នូ​។​

ប្រទេស​អេ​រី​ទ្រា​និង​អេ​ត្យូ​ពី​រកឃើញ​សន្តិភាព​
​នៅ​ថ្ងៃទី​៩​ខែកក្កដា អ្នកជិតខាង​អាហ្វ្រិក​គឺ​អេ​រី​ទ្រា​និង​អេ​ត្យូ​ពី​បានប្រកាស​ពី​ការបញ្ចប់​សង្គ្រាម​រយៈពេល​២​ទស្សវត្ស​របស់ខ្លួន​និង​ចាប់ផ្តើម​ដំណើរ​សន្តិភាព​មួយ​ដែល​នាំ​ឲ្យ​ស្ថានទូត​និង​ព្រំដែន​បើក​ឡើងវិញ ទំនាក់ទំនង​តាម​ទូរស័ព្ទ​និង​ជើងហោះហើរ​បាន​បង្កើតឡើង​វិញ​ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​បាន​បន្ត​សាជាថ្មី​។​

វា​បាន​កើតឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​អេ​ត្យូ​ពី​លោក Abiy Ahmed បានប្រកាស​កាលពី​ខែមិថុនា​ថា រដ្ឋាភិបាល​របស់លោក​នឹង​បោះបង់ចោល​ការទាមទារ​ទឹកដី​ដែលមាន​ជម្លោះ​។​



កិច្ចព្រមព្រៀង​នេះ​ក៏បាន​នាំ​ឲ្យ​ប្រទេស​សូ​ម៉ាលី​និង​អេ​រី​ទ្រា​បង្កើត​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​ផងដែរ​នៅ​ថ្ងៃទី​៣០​ខែកក្កដា​បន្ទាប់ពី​អរិភាព​រយៈពេល​យូរ​។ អង្គការសហប្រជាជាតិ​បាន​ដក​ទណ្ឌកម្ម​លើ​ប្រទេស​អេ​រី​ទ្រា​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​៕

ក្មេងប្រុស​ថៃ​ជាប់​ក្នុង​រូងភ្នំ​
​មាន​ភាព​ធូរស្បើយ​ជាស​កល​នៅ​ថ្ងៃទី​១០​ខែកក្កដា​នៅពេលដែល​កីឡាករ​ចុងក្រោយ​នៃ​ក្រុមបាល់ទាត់​វ័យក្មេង​មាន​គ្នា​១២​នាក់​និង​គ្រូបង្វឹក​របស់​ពួកគេ​ត្រូវបាន​នាំចេញ​ដោយ​សុវត្ថិភាព​ពី​រូងភ្នំ​លិច​ទឹក​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​ដែលជា​កន្លែង​ពួកគេ​បានជា​ប់​កាលពី​១៧​ថ្ងៃមុន​នោះ​។​



ជោគវាសនា​របស់​ក្រុមកីឡា​បាល់ទាត់​យុវជន​មួយ​នេះ​បាន​បង្ក​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ពិភពលោក​ដោយ​អ្នកជំនាញ​មុជទឹក​អាមេរិក​និង​អង់គ្លេស​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ប៉ុន្តែ​អតីត​អ្នក​មុជទឹក​របស់​កងទ័ពជើងទឹក​ថៃ​ម្នាក់​ត្រូវ​បាត់បង់​ជីវិត​។​

កម្ដៅ​និង​អគ្គិភ័យ​
​ពី​ខែកក្កដា​ដល់​ខែសីហា ទ្វីបអឺរ៉ុប​ត្រូវ​រង​ការវាយប្រហារ​ដោយ​រលក​កំដៅ​ដែល​បាន​ឈានដល់​កម្រិត​កំណត់ត្រា​របស់​ទ្វីប​នេះ​គឺ​៤៨​អង្សា​សេ​ខណៈ​ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះ​នៅ​ប្រទេស​ក្រិ​ក ព័រ​ទុយ​ហ្គា​ល់​និង​អេ​ស្ប៉ា​ញ​។​



នៅក្នុង​ខែវិច្ឆិកា រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​សម្លាប់​មនុស្ស​ច្រើន​បំផុត​មិន​ធ្លាប់មាន​ដោយ​មនុស្ស​ចំនួន​៨៥​នាក់​បាន​ស្លាប់​មុនពេល​វា​ស្ថិតក្រោម​ការគ្រប់គ្រង​នៅ​ពី​សប្តាហ៍​បន្ទាប់ពីនោះ​។​

អង្គការ​ឧតុនិយម​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បានប្រកាស​នៅ​ខែវិច្ឆិកា​ថា ឆ្នាំ​២០១៨​គឺជា​ឆ្នាំ​ដែល​ក្តៅ​ជាងគេ​បំផុត​ទី​បួន​ក្នុង​កំណត់ត្រា​។​

អ្នកសារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវបាន​គេ​ធ្វើឃាត​
​នៅ​ថ្ងៃទី​២​ខែតុលា អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត​របស់​Washington Post​ឈ្មោះ​Jamal Khashoggi​បាន​ចូលក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​គាត់​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ហើយ​គេ​មិនបាន​ឃើញ​គាត់​ចេញមក​វិញ​ទេ​។​

បន្ទាប់ពី​ការបដិសេធ​និង​សេចក្តីថ្លែងការណ៍​ផ្ទុយ​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ទីក្រុង​រី​យ៉ា​ដ​បាន​សារភាពថា គាត់​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​បន្ទាប់ពី​មាន​ជម្លោះ​មួយ​។​



វា​បាន​បង្ក​ឲ្យ​មានការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ហើយ​សាកសព​របស់គាត់​ត្រូវបាន​គេ​សន្និដ្ឋានថា ត្រូវ​កាត់​ជា​បំណែក​។​

ប្រទេស​ប្រេ​ស៊ី​ល​ងាក​ទៅរក​អ្នក​ស្តាំនិយម​
​នៅ​ថ្ងៃទី​២៨​ខែតុលា ប្រទេស​ធំ​បំផុត​នៅ​តំបន់​អាមេរិក​ក​ឡាទីន​មួយ​នេះ​បាន​ងាក​ទៅរក​អ្នក​ស្តាំនិយម​នៅក្នុង​ការបោះឆ្នោត​មួយ​ដែល​អតីត​កា​ពី​តែ​ន​កងទ័ព​លោក​JairBolsonaro​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ប្រេ​ស៊ី​ល​។​
​ក្នុងអំឡុង​យុទ្ធនា​ការឃោសនា លោក​Bolsonaro​ត្រូវបាន​គេ​ចាក់​ចំ​ត្រង់​ពោះ​ក្នុងការ​ជួបជុំ​នៅ​ខែកញ្ញា​។​



ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​របស់​អាមេរិក​បាន​បង្កើន​កម្លាំង​ដល់​អ្នកប្រជាធិបតេយ្យ​
​ការបោះឆ្នោត​ពាក់កណ្តាល​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​បានធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ការគ្រប់គ្រង​សភាតំណាងរាស្ត្រ​ខណៈដែល​គណបក្ស​សាធារណរដ្ឋ​បង្កើន​សំឡេង​ភាគច្រើន​របស់​ពួកគេ​នៅក្នុង​ព្រឹទ្ធសភា​។​

ថ្ងៃ​ចុងក្រោយ​នៃ​ការធ្វើ​យុទ្ធនា​ការឃោសនា​ត្រូវបាន​រង្គោះរង្គើ​ដោយ​ការវាយប្រហារ​ប្រឆាំង​អម្បូរ​សេ​មី​ត​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​អាមេរិក​នៅពេល​ដែល​ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្ស​ចំនួន​១១​នាក់​ក្នុង​ព្រះវិហារ​នៅ​ទីក្រុង Pittsburgh និង​ការផ្ញើ​សំបុត្រ​មាន​គ្រាប់បែក​បំពង់​ទៅ​ឲ្យ​អ្នកប្រជាធិបតេយ្យ​ល្បីឈ្មោះ​រួមទាំង​លោកស្រី​Hillary Clinton និង​លោក Barack Obama ផងដែរ​។​

ការបះបោរ “​អាវកាក់​ពណ៌​លឿង​” របស់​ប្រទេស​បារាំង​
​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​បារាំង​ប្រឆាំងនឹង​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​និង​ការចំណាយ​លើ​ការរស់នៅ​ដែល​ក្រោយមក​បាន​រីក​រាលដាល​ទៅជា​ចលនា​ទូលំទូលាយ​ប្រឆាំងនឹង​គោលនយោបាយ​របស់លោក​ប្រធានាធិបតី​Emmanuel Macron​។​

បាតុកម្ម “​អាវកាក់​ពណ៌​លឿង​” ដែល​ត្រូវបាន​ដាក់ឈ្មោះ​តាម​អាវ​សុវត្ថិភាព​ដែល​ពាក់​ដោយ​ក្រុមបាតុករ​គឺ​បានកើត​ឡើងជា​មួយ​កុបកម្ម​និង​ការ​លួច​ក្នុង​ទីក្រុង ប៉ារីស​។​

កិច្ចព្រមព្រៀង​BREXIT
​បន្ទាប់ពី​រយៈពេល​១៧​ខែ​នៃ​ការចរចា នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​សហភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​គ្របដណ្តប់​លើ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​ប្លុក​នេះ​នៅត្រឹម​ខែមីនា​ឆ្នាំ​២០១៩​។​

[caption id="attachment_1009969" align="alignnone" width="700"] ​[/caption]

ប៉ុន្តែ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​Theresa May នៅ​ថ្ងៃទី​១០​ខែធ្នូ​បាន​ពន្យារពេល​ការបោះឆ្នោត​សភា​មួយ​លើ​កិច្ចព្រមព្រៀង​នេះ​ដោយ​ទទួលស្គាល់ថា​នឹងត្រូវ​បរាជ័យ​។ លោកស្រី​បាន​រួច​ផុតពី​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​ក្នុង​គណបក្ស​នៅ​ថ្ងៃទី​១២​ខែធ្នូ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu