គណៈប្រតិភូក្រុមឧទ្ទាមយេមែន បានទៅដល់ប្រទេសស៊ុយអែតហើយកាលពីថ្ងៃអង្គារដោយមានការអមដំណើរពីសំណាក់បេសកជនសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់កិច្ចចរចាកម្រិតខ្ពស់ជាមួយរដ្ឋាភិបាលក្នុងគោលបំណងបញ្ចប់សង្គ្រាមរបស់ប្រទេសនេះ។
ពួកឧទ្ទាម Huthi បានទៅដល់តាមយន្តហោះរបស់គុយវ៉ែតចេញពីរដ្ឋធានី Sanaa បន្ទាប់ពីមានកិច្ចព្រមព្រៀងដោះដូរអ្នកទោសនិងការជម្លៀសអ្នកបះបោរដែលរងរបួសចំនួន៥០នាក់អោយទៅព្យាបាលនៅប្រទេសអូម៉ង់ក្នុងការជំរុញដ៏ធំមួយចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព។
សហរដ្ឋអាមេរិកបានសាទរចំពោះការប្រកាសអំពីកិច្ចចរចាសន្តិភាពក្នុងប្រទេសស៊ុយអ៊ែតថាជា “ជំហានទីមួយដ៏ចាំបាច់និងសំខាន់បំផុត” ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់អោយបញ្ឈប់ការធ្វើសង្គ្រាមជាបន្តបន្ទាប់។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បាននិយាយថា “យើងស្រម៉ៃថា ដំណើរការនេះនឹងមិនមានភាពងាយស្រួលនោះទេប៉ុន្តែយើងស្វាគមន៍ចំពោះជំហានដំបូងដែលចាំបាច់និងសំខាន់បំផុត។ ឥឡូវនេះគឺជាពេលវេលាសម្រាប់ប្រជាជនយេមែនដើម្បីជំនួសការប៉ះទង្គិចជាមួយការផ្សះផ្សានិងធ្វើការរួមគ្នាឆ្ពោះទៅរកការសម្រេចអោយបាននូវអនាគតដ៏ត្រចេះត្រចង់សម្រាប់ប្រទេសយេមែន”។
គណៈប្រតិភូក្រុមឧទ្ទាមសម្រាប់កិច្ចចរចាសន្តិភាពលើកដំបូងចាប់តាំងពីឆ្នាំ២០១៦មកគឺត្រូវបានអមដំណើរដោយបេសកជនអង្គការសហប្រជាជាតិលោក Martin Griffiths ។ ក្រុមរដ្ឋាភិបាលដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក Khaled al-Yamani ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសស៊ុយអែតនៅថ្ងៃពុធ។
បើទោះបីជាគ្មានកាលបរិច្ឆេទណាត្រូវបានប្រកាសសម្រាប់ការចាប់ផ្តើមនៃកិច្ចចរចានេះក៏ដោយ ប្រភពរដ្ឋាភិបាលយេមែនបាននិយាយថា ពួកគេអាចចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។
លោក Mohammed Abdelsalam ដែលដឹកនាំក្រុមឧទ្ទាមសមាជិក១២រូបបាននិយាយថា ក្រុម Huthi នឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីធ្វើអោយជោគជ័យដល់កិច្ចពិភាក្សាក្នុងការស្តារសន្តិភាពឡើងវិញនិងបញ្ចប់ការឈ្លានពាន៕ AFP
Source: Kampuchea Thmey Daily
0 Comments