Ad Code

រំលោភ ​ហើយ​សម្លាប់​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់គុក​មួយ​ជីវិត​



​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ ឈ្មោះ ង្វៀង យាំង​យី ហៅ​អា​ដំឡូង អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​ចៅ​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក សេង រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​បានសម្រេច​ប្រកាស​សាល​ក្រម​ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ក្រោម​ការចោទប្រកាន់​ពីបទ ឃាតកម្ម​ដោយមាន​ទារុណ​កម្ម អំពើ​ឃោរឃៅ ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​ ”​តាម​មាត្រា​២០៥ ​នៃ​ក្រមព្រហ្មទណ្ឌ ទៅលើ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​។​

ជន​ព្រហើនកោងកាច​នេះ ​ត្រូវបាន​នាំខ្លួន​មក​ស្ដាប់​ការសម្រេច​របស់​តុលាការ​នៅ​ចំពោះ​មុខ និង​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។​

កាលពី​វេលា​ម៉ោង​៧និង​២៥​នាទី​យប់ ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្មេងស្រី​រងគ្រោះ បាន​រត់​ងូត​ទឹក​ភ្លៀង​លេង ហើយ​ត្រូវបាន​ជនសង្ស័យ លួងលោម​នាំយកទៅ​ចំណុច​ផ្ទះ​ចាស់​ទុកចោល​មួយ​កន្លែង តាមផ្លូវ​ជាតិ​លេខ​០៥ ក្នុង​ក្រុម​៥​ សង្កាត់​ច្រាំង​ចំរេះ​០២ ខណ្ឌ​ឫស្សីកែវ ហើយ​អង្អែល​ស្ទាប​ប្រដាប់​ភេទ និង​ចាប់រំលោភ​សេពសន្ថវៈ យកដៃ​ខ្ទប់​មាត់​ជាប់​ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម ​រហូតដល់​ស្លាប់។

បន្ទាប់មក​ជនដៃដល់​បាន​យក​ក្មេងស្រី​រងគ្រោះ​ញាត់​ចូល​ពាង​ក្នុង​បន្ទប់ទឹក រួចហើយ​លូន​តាម​បង្អួច​ចេញទៅ​សម្ងំ​នៅ​មាត់ទន្លេ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​ក្មេងស្រី ដោយបាន​បាត់​កូន​យូរ​មិនឃើញ​មក​ផ្ទះ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​ ក្រុមគ្រួសារ បាន​ចែកគ្នា​ដើរ​ស្វែងរក ហើយ​បាន​ប្រទះឃើញ កូនស្រី​ស្លាប់​ក្នុង​ពាង​ទឹក ក្នុង​សភាព​អាក្រាត​កាយ មាន​ហូរ​ឈាម​ផង មិន​អស់ចិត្ត​អាណិត​កូនស្រី ព្យាយាម​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឪ តែ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ហើយ​។ ​ទាំង​ក្រុម​គ្រួសារ​ស្លុតចិត្ត​ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្ដែង ហើយ​ធ្វើការ​ស្រាវ​ជ្រាវ​ភ្លាមៗ រហូតដល់​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ដដែល​ កម្លាំង​សមត្ថកិច្ច​ស្វែងរក​ប្រទះឃើញ ជន​សង្ស័យ​នៅ​មាត់ទន្លេ ទើប​ចាប់ខ្លួន​ទៅ​ធ្វើ​ការសាកសួរ​ កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ឃុំខ្លួន​រហូតដល់​ថ្ងៃ​កាត់ទោស​ និង​ផ្ដន្ទាទោស​នា​ថ្ងៃនេះ។​

នៅក្នុង​សវនាការ ​ជនដៃដល់​បាន​សារភាព​ពី​ទង្វើ​លាមក​របស់គេ​ទៅលើ​ក្មេងស្រី​រងគ្រោះ ទើប​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu