Ad Code

អតីតមន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​ចេញមុខ​វាយប្រហារ​មេដឹកនាំ​ខ្លួន ក្រោយពី​មាន​សន្និសីទ​មួយ​របស់​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី នៅ​អា​ត្ល​ង់​តា



ភ្នំពេញ​ ៖ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មុខ​រិះគន់​លោក សម រង្ស៊ី ដែល​គេ​ដឹងថា អតីត​មេដឹកនាំ​របស់​ខ្លួន ក្រោយពី​មាន​សន្និសីទ​មួយ​របស់​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី នៅ​ទីក្រុង​អាត់​ត្ល​ង់​តា (Atlanta) រដ្ឋ Georgia សហរដ្ឋអាមេរិក ដោយបាន​គាំទ្រ​ឲ្យ​លោក សម រង្ស៊ី ធ្វើជា​ប្រធានស្តីទី​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ ខុស​ទៅនឹង​លក្ខន្តិកៈ​គណបក្ស​។



លោក គង់ គាំ បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម Facebook របស់ខ្លួន​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​ថា គិត​មិន​ត្រូវ យល់​មិន​ច្បាស់ និង​ធ្វើ​អ្វី​មិនកើត​។ ប្រធាន​ចលនា ឬ​ប្រធានស្តីទី CNRP វា​ដូច​តែ​គ្នា​ទេ​។ តាម​លោក គង់ គាំ នៅក្នុង​សន្និសីទ​កម្រិត​ពិភពលោក​លើក​ទី​១ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​ក្រៅ​ប្រទេស​កំណត់​ថា លោក សម រ​ង្ស៉ី និង​លោក កឹម សុខា ជា​មនុស្ស​តែមួយ ហើយ​បាន​ហៅ​អ្នកប្រឆាំង​លោក សម រ​ង្ស៉ី ថា​ជា​ការ​ប្រឆាំង​កឹម សុខា ហើយ​អ្នកប្រឆាំង​លោក កឹម សុខា គឺ​ប្រឆាំង​លោក សម រ​ង្ស៉ី​ទៀត​ផង ប៉ុន្តែ​នៅពេលនេះ ទាំង​លោក សម រង្ស៊ី និង​អង្គ​សន្និសីទ បែរជា​ថា លោក កឹម សុខា គ្មាន​សេរីភាព ដូច្នេះ​មតិយោបល់​របស់​គាត់​មិនអាច​យក​ជា​បានការ ចុះ​មតិ​របស់​កញ្ញា កឹម មនោ​វិទ្យា និង​អ្នក​ក្រៅប្រទេស ដែល​មិន​គាំទ្រ​សម រង្ស៊ី និង​មិន​គាំទ្រ​សន្និសីទ​នោះ ពិតជា​ប្រឆាំង​លោក កឹម សុខា មែនដែរ​ឬ​?



អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នោះបាន​បញ្ជាក់ថា ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មិន​ទទួលស្គាល់​ផង តើ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​ធ្វើ​ម៉េច​ទៅ​កើត​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​០១-០២ ខែធ្នូ ឆ្នាំ​២០១៨ ក្រុម​អ្នក​និយម​គាំទ្រ​លោក សម រ​ង្ស៉ី នៅក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​សន្និសីទ​មួយ នៅ​ទីក្រុង​អាត់​ត្ល​ង់​តា (Atlanta) រដ្ឋ​Georgia នៃ​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី របស់​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សន្និសីទ​នោះ បានចេញ​សេចក្តីសម្រេច​មួយ ដែលមាន​១០​ចំណុច ក្នុងនោះ​មានការ​សម្រេច​ឲ្យ​លោក សម រ​ង្ស៉ី ធ្វើជា​ប្រធានស្តីទី (​អតីត​)​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។



តែ​សេចក្តី​សម្រេច​នោះ លោក កឹម សុខា ដែល​ជា​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មិនបាន​គាំទ្រ និង​ទទួលស្គាល់​សន្និសីទ​នេះ​ឡើយ ហើយ​កូនស្រី​របស់​លោក កឹម សុខា រួមទាំង​អ្នកគាំទ្រ​លោក​ជាច្រើន បាន​រិះគន់​ចំពោះ​ការរៀបចំ​សន្និសីទ​នៅ​អា​ត្ល​ង់​តា​នេះ​ថា ជាការ​បំបែកបំបាក់​ផ្ទៃក្នុង​របស់​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu