Ad Code

២​ថ្ងៃ​ជាប់​គ្នា​នេះ ​មាន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ជិត​កន្លះ​លាន​នាក់​ បាន​អញ្ជើញ និង​ដើរ​លេង​កម្សាន្ត​នៅ​វិមាន ឈ្នះ ឈ្នះ ​ក្នុង​ភាព​សប្បាយ​រីករាយ​



ភ្នំពេញ​ ៖ ក្នុង​រយៈពេល​២​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​២៩ និង​៣០​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ជាប់​គ្នា​នេះ ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត​កន្លះ​លាន​នាក់ ​បាន​អញ្ជើញ និង​ដើរលេង​កម្សាន្ត ​នៅ​វិមាន ឈ្នះ ឈ្នះ​ ក្នុង​ភាព​សប្បាយ​រីករាយ។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹងពី​ លោក ​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣១​ធ្នូ​នេះ។

លោក​ ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា សម្រាប់​នៅ​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​២៩​ធ្នូ វិមាន​អនុស្សាវរីយ៍​ ឈ្នះ ឈ្នះ បានទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដើរលេង​កម្សាន្ត​សប្បាយ​ចំនួន​ប្រមាណ​ជាង​១៥​ម៉ឺន​នាក់ ហើយ​សម្រាប់​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ធ្នូ​វិញ វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ បាន​ទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដើរលេង​កម្សាន្ត​សប្បាយ​ចំនួន​ប្រមាណ​៣០​ម៉ឺន​នាក់។ មានន័យថា ត្រឹម​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន​ប្រមាណ​៤៥​ម៉ឺន​នាក់ ​បាន​អញ្ជើញ និង​ដើរលេង​កម្សាន្ត​នៅ​វិមាន ឈ្នះ ឈ្នះ​ ក្នុង​ភាព​សប្បាយ​រីករាយ​។​

គួរ​បញ្ជាក់ថា អភិបាល​រាជធានី​ភ្នំពេញ​ លោក ឃួ​ង ស្រេង បាន​ថ្លែង​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន នៅ​រសៀល ​ថ្ងៃ​ទី​៣០​ធ្នូ​ថា នៅ​ពេល​ព្រឹក ​ថ្ងៃទី​២៩​ធ្នូ​ មាន​បងប្អូន ប្រជាពលរដ្ឋ​បាន​ចូលរួម ជាមួយ​កម្មវិធី ជាមួយ​សម្ដេច​តេ​ជោ ប្រមាណ​៧​ម៉ឺន​នាក់ និង​ចាប់ពីពេលនោះ មកដល់​ពេលយប់ មាន​ជាង​៨​ម៉ឺន​នាក់។​

លោក​បន្តថា សម្រាប់​បញ្ហា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​វិញ គឺ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ត្រូវបាន​ដាក់​ពង្រាយ​ការពារ យ៉ាង​ល្អប្រសើរ ជូន​អ្នក​ទស្សនា​ទាំងអស់​។​

សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​២៩​ធ្នូ កាំជ្រួច​ប្រមាណ​៩​ម៉ឺន​គ្រាប់ ត្រូវបាន​បាញ់​រំលេច សម្រស់​លើ​វេហា​។ ការបាញ់​កាំជ្រួច​នេះ មាន​ភាព​អស្ចារ្យ ដោយមាន​រយៈពេល​វែង និង​មាន​រំលេច​ចេញ​ជា​រូប​ផ្សេងៗ ដូចជា​បេះដូង​ជាដើម​។​
​សម្រស់​ភ្លើង​កាំជ្រួច​ដ៏​ស្រស់ស្អាត និង​មាន​ភាព​អស្ចារ្យ​មិន​ធ្លាប់មាន នៅ​កម្ពុជា​នោះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ទៅលេង​កម្សាន្ត ដ៏​ច្រើន​កុះករ​។ ក្រៅពី​ការ​បាញ់​កាំជ្រួច ក៏មាន​ការ​ប្រគំ​តន្ត្រី និង​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​មួយ​ចំនួន​ទៀត​ផងដែរ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏បាន​បន្ត​អំពាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​មកលេង​កម្សាន្ត និង​ចូលរួម​ឆ្លង​ឆ្នាំ​សាកល រាប់​ថយក្រោយ​ទាំងអស់គ្នា ឲ្យ​បាន​ច្រើន​កុះករ រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ ដោយ​ភាពសប្បាយ​រីករាយ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu