បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះឈ្មួញ បានធ្វើការអះអាងថា សំណងថ្លៃខូចខាតកំណាត់ផ្លូវដែកនៅម្តុំអាងអូរខៃដនក្រុងប៉ោយប៉ែត ថ្លៃជាង១មុន៥ពាន់ដុល្លា នេះត្រូវក្រុមវិស្វកម្មសាងសង់ធ្វើការជួសជុលផ្លូវដែកនោះបានរួចរាល់ហើយតែមិនទាន់ឲ្យឆ្លងកាត់នៅឡើយ។
នេះបើតាមលោកចាំង ហ្គិចភាវ ម្ចាស់គ្រឿងចក្រចូកនិងដឹកដីច្រើនជាងគេនៅក្រុងប៉ោយប៉ែត និងជាដៃគូជាមួយលោកឧកញ៉ាកុក អាន ម្ចាស់ក្រុមហ៊ុនអានកូ ក្រុមហ៊ុនប៉ោយប៉ែតសាប់ប្លាយវ៉តធឺ ដែលគ្រប់គ្រងអាងទឹកអូរខៃដនដែលផ្តល់ដីអាងឲ្យកាយបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនដឹកដីរបស់កូន លោកគាត ហ៊ុល បានដឹកដីពីអាងលោកឧកញ៉ា ហើយបង្ខូចខាតត្រង់ប្រសព្វផ្លូវ ស្ពាននិងផ្លូវដែកនៅក្បែរអាងអូរខៃដន ទើបអ្នកដឹកដីបំផ្លាញផ្លូវជាតិសងទៅខាងផ្លូវដែក។
សូមរំលឹកថា លោកសួន នឿង មេការចល័តក្រុមបច្ចេកទេសស្ថាបនាផ្លូវដែកក្រុមហ៊ុនរ៉ូយ៉ាល់រេវេឲ្យដឹងកាលពីដើមខែមុនថា ក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការជួសជុលកំណាត់ផ្លូវដែកចំណុចជាប់ស្ពានបេតុង២ និងជាប់អាងទឹកអូខែដនដែលរងការបំផ្លាញដោយក្រុមរថយន្តដឹកដីដែលកាយពីអាងអូខៃដននោះពីថ្ងៃទី៣០ ខែវិច្ឆិកាមកម្ល៉េះហើយការជួសជុលនេះត្រូវកាយចោលទាំងស្រុងគ្រឹះផ្លូវបេតុងនិងដែកផ្លូវហើយជំនួសមកវិញដោយដាក់បន្ថែមកំណល់បេតុងនិងកំណល់ឈើ និងដាក់ដែកទប់លំនឹងដែករ៉ៃ៦មគុណ១១ម ព្រមទាំងក្រាលសំណាញ់ដែក ហើយចាក់បេតុងផ្លូវឆ្លងកាត់១១មគុណ៩ម។
លោកបានបញ្ជាក់ឲ្យដឹងថា ការជួសជុលនេះ ត្រូវពង្រឹងគុណភាពធានាដល់ប្រសិទ្ធភាពខ្សែរត់ដឹកជញ្ជូនធុនធ្ងន់ផងនិងដល់រថយន្តដឹកជញ្ជូនឆ្លងកាត់ផ្លូវដែកផង។ ក្រុមបច្ចេកទេសនិងក្រុមរថយន្តដឹកដីក៏សម្រួលផ្លូវបណ្តោះអាសន្នសម្រាប់រថយន្តដឹកដីឆ្លងកាត់ថ្មីនៃផ្លូវដែកផងដែរ។ ហើយក្រុមហ៊ុនទទួលការងារពីលោកលី បូរិន្ទ អនុរដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការស្តារផ្លូវដែកឡើងវិញទទួលថវិកាសងពីក្រុមហ៊ុនអានកូ។
ចំណែកលោកឡាច សំអាត ប្រធានក្រុមបច្ចេកទេសខណ្ឌប្រចាំការផ្លូវដែកបាត់ដំបង សិរីសោភ័ណ ប៉ោយប៉ែតនៃក្រុមហ៊ុនរ៉យ៉ាល់រេវេ ប្រាប់ថា ការជួសជុលកំណាត់ផ្លូវដែកដែលខូចខាតនេះ គឺធ្វើទាំងចំណុចដែលរថយន្តដឹកដីបានបំផ្លាញ និងទាំងចំណុចផ្លូវដែកទឹកជំនន់លិចកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះផង។
សូមរំលឹកថា យោងលិខិតលេខ៥៨២សក/គជដចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើជូនលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សុំចាត់ការបន្ទាន់លើឡានដឹកដីឆ្លងកាត់ផ្លូវដែកនៅចំណុចគីឡូម៉ែត្រលេខ៣៧២ ៤៣០ ចំណុចគីឡូម៉ែត្ររបស់ផ្លូវដែកដែលធ្វើឲ្យខូចខាតធ្ងន់ធ្ងរផ្លូវដែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លិខិតបញ្ជាក់ថា ការធ្វើអាជីវកម្មដឹកដីដោយធ្វើការឆ្លងកាត់ផ្លូវដែកស្ថិតក្នុងភូមិសាស្ត្រក្រុងនេះ កំពុងកើតឡើងយ៉ាងច្រើន ដែលបណ្តាលឲ្យប៉ះពាល់ ខូចខាតតួផ្លូវដែកយ៉ាងធ្ងន់ធ្ងរនិងអាចធ្វើឲ្យចរាចរណ៍ខ្សែរថភ្លើងមានគ្រោះថ្នាក់ទៀត។
ហេតុនេះ ក្រសួងស្នើសុំលោកអភិបាលខេត្ត ជួយចាត់វិធានការលើការធ្វើអាជីវកម្មដឹកដីទាំងឡាយខាងលើជាបន្ទាន់ដើម្បីកុំឲ្យមានផលវិបាកផ្សេងៗ។ ក្រសួងស្នើឲ្យបិទផ្លូវឆ្លងកាត់នេះជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុលឡើងវិញ៕
Source: Kampuchea Thmey Daily
0 Comments