Ad Code

ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​ប្រទេស​ហ្វីលីពីន​កើន​ដល់​៦៨​នាក់



ក្រុមមន្ត្រី​ការពារ​ស៊ីវិល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​អ្នកស្លាប់​ពី​ខ្យល់ព្យុះ​មួយ​ដែល​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ក្រោយ​បុណ្យ​ណូអែល​បាន​កើនឡើង​ដល់​៦៨​នាក់​ហើយ​ខណៈ​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ខ្ពស់ជាង​នេះ​។​

ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ចំនួន​៥៧​នាក់​បាន​ស្លាប់​នៅក្នុង​តំបន់ភ្នំ Bicol ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ម៉ានីល​ខណៈដែល​មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់​នៅ​កោះ Samar ភាគ​កណ្តាល​ដែល​ភាគច្រើន​ដោយសារតែ​ការបាក់​ដី​និង​ការ​លង់ទឹក​។​

លោក Claudio Yucot នាយក​ការពារ​ស៊ីវិល​នៅ​តំបន់ Bicol បាន​និយាយថា “​ខ្ញុំ​ភ័យខ្លាច​ថា ចំនួន​អ្នកស្លាប់​នឹង​នៅតែ​កើនឡើង​ព្រោះ​មាន​តំបន់​ជាច្រើន​ទៀត​ដែល​យើង​មិនទាន់​រាប់បញ្ចូល​”​។​
​ព្យុះ​ដែលមាន​ឈ្មោះថា Usman បាន​វាយលុក​ប្រទេស​នេះ​កាលពី​ថ្ងៃ​សៅរ៍​។ ថ្វីបើ​វា​មិនមាន​ខ្យល់​បក់​ខ្លាំង​ក៏ដោយ វា​បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​និង​ច្រោះ​ដី​ដែល​បង្ក​ឲ្យ​មានការ​បាក់​ដី​នៅតាម​តំបន់​មួយចំនួន​។​

លោក Yucot បាន​និយាយថា មនុស្ស​ជាច្រើន​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន​ដោយសារតែ​ព្យុះ Usman មិនមាន​កម្លាំង​ខ្លាំងក្លា​គ្រប់​គ្រាប់​សម្រាប់​ឲ្យ​គេ​វាយ​តម្លៃថា​ជា​ព្យុះ​ទី​ហ្វុ​ង​ស្ថិតក្រោម​ប្រព័ន្ធ​ប្រកាស​អាសន្ន​ព្យុះ​របស់​រដ្ឋាភិបាល​។​

ការិយាល័យ​ការពារ​ស៊ីវិល​បាន​និយាយ​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​កំពុង​បាត់​ខ្លួន​ហើយ​ជាង ៤០,០០០​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​ទូទាំង​ប្រទេស​ដោយសារ​ព្យុះ​នេះ​។​

គួរ​បញ្ជាក់ថា ជា​មធ្យម​មាន​ព្យុះ​និង​ព្យុះ​ទី​ហ្វុ​ង​ចំនួន​២០​បាន​វាយប្រហារ​មកលើ​ប្រទេស​ហ្វីលីពីន​ជា​រៀងរាល់ឆ្នាំ​ដោយបាន​សម្លាប់​មនុស្ស​រា​ប់​រយ​នាក់​និង​បណ្តាល​ឲ្យ​មនុស្ស​រាប់លាន​នាក់​ស្ថិតក្នុង​ភាពក្រីក្រ​។​

ព្យុះ​ដែលមាន​ឥទ្ធិពល​បំផុត​គឺ​ព្យុះ​ទី​ហ្វុ​ង Haiyan ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៧,៣៦០​នាក់​ស្លាប់​ឬ​បាត់​ខ្លួន​នៅ​ទូទាំងប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៣៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu