កំពង់ឆ្នាំង ៖ លោក ម៉ក ថា អាយុ៥៦ឆ្នាំ រស់នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង គឺជាកសិករគំរូម្នាក់ដែលចាប់យកមុខរបរចិញ្ចឹមមាន់ស្រែ និងជន្លេនក្រហមតាមបែបសាមញ្ញ ទៅតាមធនធានរបស់គាត់ ដោយក្នុងរយៈពេលជាង២ឆ្នាំនេះ ការចិញ្ចឹមមាន់ស្រែបានទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបានផ្គត់ផ្គង់ជីវភាពរស់នៅបានធូរធារ និងឲ្យកូនស្រីរបស់គាត់រៀនសូត្រដូចក្តីបំណង ។
ទាក់ទងនឹងការចិញ្ចឹមមាន់ស្រែនេះ លោក ម៉ក់ ថា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះបាននិយា យឲ្យដឹងថា គាត់បានចាប់មុខរបរចិញ្ចឹមមាន់ស្រែ និងចិញ្ចឹមជន្លេនក្រហមមានរយៈពេលជាង២ឆ្នាំមកហើយ ដោយសារតែគាត់ខ្វះធនធានទើបគាត់ចាប់យកមុខរបរចិញ្ចឹមមាន់បែបសាមញ្ញនេះ។
សព្វថ្ងៃនេះគាត់បានធ្វើទ្រុងមាន់តូចមួយនៅក្នុងលំនៅដ្ឋាន ដោយបានចិញ្ចឹមមេមាន់ស្រែចំនួន៣០ ក្បាល ឲ្យវាក្រាបពងធម្មតាបែបធម្មជាតិ រយៈពេល២១ថ្ងៃ កូនមាន់បានញាស់ពី៤០០ ទៅ៥០០ក្បាល គាត់បានចាប់បំបែកវាមកដាក់ក្នុងទ្រុងសំណាញ់ ថែបំប៉នឲ្យចំណីស៊ីពិសេសគឺជន្លេនក្រហម ដែលកូនមាន់ស៊ីឆាប់ធំធាត់ល្អណាស់ ហើយក្នុងរយៈពេលតែ១អាទិត្យ គាត់បានចាប់កូនមាន់ទាំងនោះលក់ទៅឲ្យអតិថិជន ដែលមកកុម្ម៉ង់ទិញ ដោយកូនមាន់មួយក្បាលលក់ថ្លៃ៤.០០០រៀល បើកូនមាន់មានអាយុ១៥ថ្ងៃ លក់បានមួយក្បាលថ្លៃ៥.០០០រៀល ដោយក្នុង១ខែៗគាត់អាចរកចំណូលបានប្រមាណពី៣០០ ទៅ៤០០ដុល្លារ ក្នុងការភ្ញាស់កូនមាន់លក់។ ចំណែកមាន់សាច់វិញ គាត់មានប្រមាណ១០០ក្បាល ដោយត្រូវចិញ្ចឹមវារយៈពេល៣ខែ គឺមាន់១ក្បាលវាអាចមានទម្ងន់២គីឡូ ទៅ២គីឡូកន្លះ ដោយលក់បានថ្លៃ១៧.០០០រៀល ក្នុង១គីឡូ។
លោក ម៉ក់ ថា បានឲ្យដឹងទៀតថា ទិសដៅរបស់គាត់ត្រូវចិញ្ចឹមមេមាន់ឲ្យបាន២០០ក្បាល ដែលវាអាចផ្ដល់កូនមាន់ឲ្យគាត់ក្នុងមួយខែប្រមាណ១៥.០០០ក្បាល។ ចំណែកមាន់សាច់វិញ គាត់នឹងចិញ្ចឹមឲ្យបានពី៣០០ ទៅ៤០០ក្បាល សម្រាប់ទុកលក់ក្នុងរដូវចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ ក្នុងពេលខាងមុខនេះ ដែលអាចរកប្រាក់ចំណូលបានច្រើន។
ដោយឡែក គាត់ក៏មិនចោលមុខរបរចាស់ គឺការចិញ្ចឹមជន្លេនក្រហមពូជមកពីប្រទេសអូស្ត្រាលីនោះឡើយ ព្រោះជន្លេនក្រហមនេះងាយស្រួលចិញ្ចឹមណាស់ ដោយគ្រាន់តែយកអាចម៍គោស្រស់យកមកដាក់ក្នុងធុងស្នោ ហើយយកពូជជន្លេនក្រហមតែមួយគីឡូដាក់នៅក្នុងធុងស្នោនោះចិញ្ចឹមស្រោចទឹកថែទាំជារៀងរាល់ថ្ងៃទៅ គឺមានរយៈពេលពី១ខែ ទៅ២ខែ ជន្លេនក្រហមកើតកូនកើតចៅក្នុងធុងស្នោ បានទទួលផល ពី២០គីឡូ ទៅ៣០គីឡូ ដែលអាចលក់បានក្នុង១គីឡូថ្លៃ១០.០០០រៀល និងជាចំណីពិសេសរបស់កូនមាន់ និងមាន់សាច់ ឲ្យវាស៊ីឆាប់ធំធាត់ និងគ្មានជំងឺដង្កាត់អ្វីយាយីពួកវាឡើយ ។
លោក សុខ រិន ប្រធានការិយាល័យកសិកម្មស្រុកកំពង់លែងបាននិយាយឲ្យដឹងថា ៖ នៅក្នុងស្រុកកំពង់លែង បច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូចចំនួន១០កន្លែង ដែលមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ដោយឡែក លោក ម៉ក់ ថា គឺជាកសិករគំរូទី១ ដែលបានចាប់ផ្ដើមចិញ្ចឹមមាន់បែបលក្ខណៈគ្រួសារមុនគេបង្អស់ និងបច្ចុប្បន្នគាត់ក្លាយជាគ្រូ និងជាកសិករគំរូខាងចិញ្ចឹមមាន់ និងចិញ្ចឹមជន្លេនក្រហម ដែលមានអតិថិជនជាច្រើនក្នុងស្រុក និងក្រៅខេត្ត បានគាំទ្រ និងជួយទិញកូនមាន់ និងជន្លេនក្រហម របស់គាត់មិនដាច់ឡើយ ដែលធ្វើឲ្យគាត់ទទួលបានជោគជ័យ ក្នុងមុខរបរដែលអាចផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងបានជួយឧបត្ថម្ភកូនៗរៀនសូត្របានយ៉ាងល្អប្រសើរផងដែរ ៕
Source: Kampuchea Thmey Daily
0 Comments