Ad Code

ពុទ្ធ ឆាយ​រិទ្ធី ជួប​ថៃ Khla KhunSeuk ខណៈ ​ធា នុ​រាជ ជួប​អ៊ីរ៉ង់ ​Farhad



​ប្រដាល់ ៖ នៅ​សង្វៀន​ទូរទស្សន៍​SEATV នា​យប់​ថ្ងៃ​សៅរ៍​ ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ អ្នក​ប្រដាល់​កម្ពុជា ​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ Khla KhunSeuk ហើយ​អ្នក​ប្រដាល់​កម្ពុជា ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍ នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Farhad Mandomi។​
​ ​
ពុទ្ធ ឆាយ​រិទ្ធី និង Khla KhunSeuk ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា​ឆាយ​រិទ្ធី និង Khla KhunSeuk នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ហើយ​មាឌ និង​កម្ពស់ ក៏​ប្រហាក់ប្រហែលគ្នា​ដែរ គឺ​ឆាយ​រិទ្ធី ១,៧១​ម៉ែត្រ ឯ Khla Khun Seuk ១,៧០​ម៉ែត្រ តែ​ថៃ​ចាញ់​បទ​ពិសោធន៍ ​និង​កំណត់ត្រា​ ឆាយ ​រិទ្ធី ​បន្តិច។​
​ ​
Khla KhunSeuk គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​តែ​១០១​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៩០​លើក ចាញ់​១០​លើក និង​ស្មើ​០១​លើក។ ចំណែក​ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១១៣​លើក គេ​វាយ​ឈ្នះ​៨៧​លើក ចាញ់​២៤​លើក ស្មើ​០២​លើក។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ​ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​

លោក ណន រិ​ទ្ធ ដែលជា​គ្រូបង្វឹក​របស់​ពុទ្ធ ឆាយ​រិទ្ធី បាន​និយាយថា លោក​បារម្ភ​ចំពោះ​ការប្រកួត​នេះ ព្រោះថា Khla KhunSeuk គេ​មាន​កណ្ដាប់ដៃ​រហ័ស ឯ​រឿង​ទាត់ ជង្គង់ កែង មិនជា​បញ្ហា​អ្វី​ឡើយ ។ ប៉ុន្តែ​យ៉ាងណា លោក​ណន រិ​ទ្ធ បាន​បញ្ជាក់ថា ពុទ្ធ ឆាយ​រិទ្ធី គេ​កំពុង​ប្រឹង​ហាត់ ដើម្បី​យកឈ្នះ​លើ Khla KhunSeuk ឲ្យបាន។​

សូមបញ្ជាក់ថា Khla KhunSeuk​នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក។ ​គេ​ជា​ជើង​ខ្លាំង​មួយរូប ដែល​មិនអាច​មើលស្រាល​បាន​នោះឡើយ។​

ចំពោះ​អ្នក​ប្រដាល់ ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍ ដែល​ត្រូវបាន​គេ​ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​ជាមួយ​បរទេស ដោយ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់ Farhad Mandomi។ ពួកគេ​ទាំងពីរ​នាក់​នេះ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។​

ធា នុ​រាជ ជា​អ្នក​ប្រដាល់​ដែលមាន​ចាប់អារម្មណ៍​ច្រើន​ណាស់ដែរ តែ​គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ម្នាក់ ដែលមាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ទាត់​ផ្កាប់​ចាន ហើយ​សំខាន់​ជាងនេះទៀត គឺមាន​ចិត្ត​ប្រដាល់​ធំ និង ស៊ូ​ចំពោះ​ការប្រកួត។

Farhad Mandomi ជា​ជើង​ថ្មី ដែល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ។ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១១ លើក ឈ្នះ​០៩​លើក និង​ចាញ់​០២​លើក។ បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង នោះ​ថា Farhad Mandomi គេ​មាន​ស្នៀត​ជើង​ទាត់​ល្អ ហើយ​កណ្តាប់ដៃ​របស់គេ​ក៏​ល្អ​ដែរ។​

ចាំមើល ធា នុ​រាជ អាច​យកឈ្នះ Farhad Mandomi បាន​ឬ​អត់​? សម្រាប់​ការប្រកួត​ជាមួយ​បរទេស​លើកដំបូង​នេះ​។ យ៉ាងណា ធា នុ​រាជ ចាញ់​ត្រង់​កម្ពស់​ហើយ ព្រោះ Farhad Mandomi មាន​កម្ពស់​១,៧០​ម៉ែត្រ ខណៈ​ខ្លួន​គេ​១,៦៥​ម៉ែត្រ​នោះ។​

ទោះជា​យ៉ាងណា ធា នុ​រាជ បាន​អះអាងថា គេ​មិន​ខ្លាចញញើត​ឡើយ សម្រាប់​អ្នក​ប្រដាល់​អ៊ីរ៉ង់​ដែល​មាន​កម្ពស់​ខ្ពស់ជាង​នេះ។ ធា នុ​រាជ ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​ធំ ហ៊ាន​វាយ​ប្ដូរ​ជាមួយ​គូ​ប្រកួត​ដោយ​មិន​ញញើត​នោះឡើយ​ ដើម្បី​ប្ដូរ​យកជ័យ​ជម្នះ​នៅពេលដែល​ស្ថានភាព​ប្រកួត​របស់គេ​មាន​សភាព​ចាញ់​ប្រៀប​គូប្រកួត គឺ​គេ​ប្ដូរ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu