Ad Code

វង្ស ណ​យ ជួប តាក​សិលា ឯ​ អ៊ូច ធា​រិ​ទ្ធ ជួប មឿង ​ផេ​ត ​នៅ​សង្វៀន​ស្ទឹងមានជ័យ​



ប្រដាល់ ៖ ​វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណា ចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នា យប់​ថ្ងៃអាទិត្យ​ ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ។

សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់ ​វង្ស ណ​យ គឺជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ឈ្មោះ​តាក់ សិលា ប្រាន​២៦ (TuksilaPhran26) ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។ បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹងថា អ្នក​ប្រដាល់​ថៃ​ដែលជា​គូ​របស់​វង្ស ណ​យ​នោះ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយរូប​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ។​

តាក់ សិលា នេះ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨៥​លើក ឈ្នះ​៦៨​លើក ចាញ់​១៥​និង​ស្មើ​០២​លើក។ តាម​កំនត់​នេះ គឺ​សមត្ថភាព​គេ​គួរសម​ដែរ តែបើ​ប្រៀបធៀប​ជាមួយ​វង្ស ណ​យ គឺ​បទពិសោធន៍​របស់​គេ មិន​ដល់​វង្ស ណ​យ ​នោះទេ។​

វង្ស ណ​យ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​១៩០​លើក ឈ្នះ​១២៦​លើក ចាញ់​៥៩​លើក និង​ស្មើ​៥​លើក ។ ទោះជា​យ៉ាងណា វង្ស ណ​យ មិនអាច​ធ្វេសប្រហែស​ឬ​មើលងាយ​តាក់ សិលា បានឡើយ ត្បិត​ថា​វង្ស ណ​យ ឥឡូវនេះ​គេ​ប្រៀបដូចជា​ខ្លា​ដែលមាន​ចង្កូម​រិល​តែប៉ុណ្ណោះ មិន​ដូច​ពីមុន​នោះឡើយ។

អ្នក​ប្រដាល់​មាន​ប្រជាប្រិយភាព វង្ស ណ​យ គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Chhork Namchai ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៨​កន្លងទៅនេះ។ ចាំមើល រវាង ​វង្ស ណ​យ និង តាក់ សិលា ប្រាន​២៦ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ?។​

ចំណែក អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គងឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​មឿង ផេ​ត ហ្វា គ្រុប​(Muengpetch Fa Kroup) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១០​លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​១១ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ (១៨​វិច្ឆិកា​២០១៨) គេ​បាន​វាយ​ស្មើ​ជាមួយ​ឃុ​ម ផេ​ត (Khum Petch)។​

ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៦០​លើក ក្នុងនោះ​វាយ​ឈ្នះ​៤២​លើក ចាញ់​១៣ លើក និង​ស្មើ ០៥​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ធា​រិ​ទ្ធ​អាច​យកឈ្នះ​មឿង ផេ​ត បាន​ឬក៏​អត់​នោះទេ​?។​
​ ​
មឿង ផេ​ត ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ។ ដូច្នេះ អ៊ូច ធា​រិ​ទ្ធ​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​អ៊ូច ធា​រិ​ទ្ធ និង មឿង ផេ​ត តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សេក គឹម​រួន​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ភុំ សា​រ៉ា​យ អ្នក​ប្រដាល់​ជើងចាស់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

រវាង សេក គឹម​រួន និង ភុំ សា​រ៉ា​យ នេះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ចាំមើល តើ​ សេក គឹម​រួន ឬ ភុំ សា​រ៉ា​យ ដែលជា​អ្នកឈ្នះ​ក្នុង​ការជួប​ប្រកួត​លើក​នេះ?៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu