បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ ប្រមូលវត្ថុវិភាគ និងអប់រំករណីពលរដ្ឋពុលត្រីកំពតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ លោកបានដឹកនាំ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តខាងក្រុមការងារជំងឺឆ្លង CDC ក្រសួងសុខាភិបាល និង RRT OD ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កំពុងធ្វើការងារជាបន្ត និងប្រមូលវត្ថុវិភាគ ហើយធ្វើការអប់រំ និងបញ្ឈប់ការហូបត្រីក្រពត និងស្រា ស។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមការងារបានចុះមកអប់រំ និងផ្សព្វផ្សាយ នៅភូមិកក់ ឃុំជប់វារី និងភូមិប៉ោយព្រីង ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ដែលក្នុងនោះអ្នកដែលហូបត្រីកំពតមាន ៧នាក់ ស្លាប់១នាក់ ដែលក្លែមស្រានិងញាំច្រើនជាងគេ គឺ កាលពីថ្ងៃទី២៦ធ្នូ មាន៣ករណី និង ថ្ងៃទី២៨ធ្នូ ពេលល្ងាច ៤ករណី ពលរដ្ឋរងគ្រោះរួមមាន ១-ឈ្មោះ ព្រឿង គឿន ភេទប្រុស អាយុ៦៦ឆ្នាំ បានផឹកស្រាថ្នាំ ហូបត្រីក្រពតស្លាប់។ ២-ឈ្មោះ អួត ភួត ភេទប្រុស អាយុ៦៥ឆ្នាំ បានផឹកស្រាថ្នាំ ហូបត្រីក្រពត បានសម្រាកមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ មានអាការៈធ្ងន់ធ្ងរ ហើយបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។ ៣-ឈ្មោះ ឈុត ឈាវ ភេទប្រុស បានផឹកស្រាថ្នាំ ហូបត្រីស តែមិនបានហូបត្រីក្រពតទេ មិនអាការៈអ្វីទេ ហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីពុលត្រីក្រពត មួយករណី បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ៤-ឈ្មោះ ណាត ហួន ភេទប្រុស អាយុ៥៤ឆ្នាំ។ ៥-ឈ្មោះ ដាន់ ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ ហូបអស់៤ តែមិនផឹកស្រាទេ ហើយពុំមានរោគសញ្ញា។ ៦-ឈ្មោះ តឹក ហៃប៊ី ភេទប្រុស អាយុ៣៩ឆ្នាំ ហូបអស់ច្រើនដែរ តែមិនមានរោគសញ្ញា។ ៧-ឈ្មោះ ឃ្លីវ ដានី ភេទស្រី អាយុ១០ឆ្នាំ ញាំអស់៥ តែមិនមានរោគសញ្ញាទេ។
លោក កែវ សុភ៍ក្ត្រា ឲ្យដឹងបន្តថា ក្រុមការងារក៏បានចុះអប់រំ នៅតាមភូមិកើតហេតុ និងនៅទីកន្លែងនេសាទនៅស្ពានស្រេះ ឃុំព្រះនេតព្រះ ស្រុកព្រះនេត្រព្រះ មកដល់ព្រលប់ថ្ងៃទី២៩ ធ្នូ កន្លងមកនេះ ពលរដ្ឋដែលពុលត្រីក្រពតសម្រាកពេទ្យបានធូរស្រាលអស់ហើយ។ ហើយករណីខាងលើនេះមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងបានចុះពិនិត្យ និងធ្វើការតាមជំនាញខ្លួនដែរ ប៉ុន្តែគួរឲ្យស្តាយ ដែលខាងជំនាញជលផល និងជំនាញកាំកុងត្រូល ដេកស្លាប់ស្តូក មិនមានមន្ត្រីណាចុះធ្វើការក្នុងនាមជាមន្ត្រីដឹងសុខទុក្ខរាស្ត្រឡើយ។
សូមរំលឹកបញ្ជាក់ថា ត្រីក្រពត៣ ក្នុងចំណោម៥ ដែលបង្កពុលបើយើងហូបវា ជាត្រីក្រពតមានលក្ខណៈអុចបៃតង មានសារធាតុពុល។ វាមានច្រមុះខ្លី រន្ធមានសន្ទះស្តើងគ្របីលើ ព្រុយខ្នងមាន៩-១៦ទ្រនុង និងព្រុយគូទមាន៨-១៥ទ្រនុង។
ជាតិពុលត្រីក្រពត គឺជាតិតេត្រូដូតុកស៊ីន(TTX) គឺប៉ះពាល់លើប្រព័ន្ធសរសៃប្រសាទ។ ហើយជាតិពុលនេះ ធន់នឹងកម្ដៅផង ភាពត្រជាក់ផង ទោះបីជាយើងចម្អិនត្រីនេះ ដោយស្ងោរ អាំង ឬក្លាសេឲ្យកកយ៉ាងណាក៏ដោយ ក៏មិនអាចបន្សាបជាតិពុលនេះបានដែរ។
រោគសញ្ញាគ្លីនិចស្តែងចេញយ៉ាងរហ័សក្នុងរយៈពេល១០នាទី ទៅ៤ម៉ោង ក្រោយការបរិភោគត្រីក្រពត ហើយការស្លាប់ក៏អាចកើតមានក្នុងរយៈពេល១៧នាទី បន្ទាប់ពីហូបវា។
រោគសញ្ញាពុលត្រីក្រពតមានដូចជា លើប្រព័ន្ធប្រសាទមានស្ពឹកមាត់ បបូរមាត់ អណ្ដាត ស្ពឹកចុងដៃចុងជើង ឈឺក្បាល ខ្សោយអវយវៈ និយាយខុសៗ និងអត់ឭ មានសភាពស្លឹមរហូតដល់សន្លប់ប្រស្រីភ្នែករីក លើប្រព័ន្ធរំលាយអាហារ មានក្អួតចង្អោរ រាករូស និងឈឺពោះ ចេញទឹកមាត់ ពិបាកលេបជាដើមលើប្រព័ន្ធដង្ហើម មានហត់ មានស្លេះច្រើន ពិបាកដកដង្ហើម ឬក៏ស្ទះដង្ហើម លើប្រព័ន្ធបេះដូង និងសរសៃឈាមមានសម្ពាធឈាមចុះ មានសុក ចង្វាក់បេះដូងដើរញាប់ ដើរមិនស្មើ មានស្វាយបបូរមាត់ ស្វាយចុងចុងដៃចុងជើង។
លោកបានបញ្ជាក់បន្ថែមថា ការពុលត្រីក្រពតមានភាពធ្ងន់ធ្ងរ ចែកជា៤ដំណាក់កាល។ គ្រូពេទ្យព្រមាន និងជូនសារពីករណីពុលត្រីក្រពតថា ការពុលត្រីក្រពតគ្មានថ្នាំព្យាបាលទេ ប៉ុន្តែយើងអាចជួយសង្គ្រោះបានដល់អ្នកពុលទៅតាមរោគសញ្ញា ដូច្នេះបើមានករណីនេះ សំខាន់ជាងគេប្រញាប់នាំអ្នកជម្ងឺទៅពេទ្យជាបន្ទាន់ ។គ្រូពេទ្យបញ្ជាក់ថាដើម្បីចៀសវាងឬវិធានការការពារដ៏មានប្រសិទ្ធភាពបំផុតពីការពុលត្រីក្រពត គឺកុំបរិភោគត្រីក្រពតឲ្យសោះ៕
Source: Kampuchea Thmey Daily
0 Comments