លោកស្រី Susanna Dinnage បានធ្វើឲ្យបាល់ទាត់អង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការសម្រេចចិត្តថា លោកស្រីលែងចង់ក្លាយជាប្រធានប្រតិបត្តិនៅក្របខណ្ឌ Premier Leagueទៀតហើយ ថ្វីត្បិតតែការពីមុនលោកស្រី បានព្រមទទួលយកតំណែងមួយនេះក៏ដោយ។
លោកស្រី Dinnage ដែលជាអ្នកប្រតិបត្តិនៅស្ថានីយ៍ទូរទស្សន៍នោះ ត្រូវបានគេប្រកាសថា នឹងក្លាយជាអ្នកបន្តវេនពីលោក Richard Scudamore កាលពីខែវិច្ឆិកា ដោយការតែងតាំងរបស់លោកស្រី ត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយសម្រាប់ស្ត្រី នៅក្នុងរដ្ឋបាល់កីឡា។
តាមការគ្រោងទុក លោកស្រី Dinnage នឹងបន្តវេនពីលោក Scudamore ដែលគ្រប់គ្រងតំណែងមួយនេះអស់រយៈពេល១៩ឆ្នាំមកហើយនោះ នៅដើមឆ្នាំ២០១៩។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី បានច្រានចោលតំណែងមួយនេះហើយ ក្នុងនោះសេចក្តីថ្លែងការណ៍របស់ក្រុម Premier Leagueបាននិយាយកាលពីថ្ងៃអាទិត្យថា “ថ្វីត្បិតតែមានការប្តេជ្ញាចិត្តចំពោះក្របខណ្ឌ Premier Leagueកាលពីខែវិច្ឆិកា លោកស្រី បច្ចុប្បន្នបានណែនាំគណៈកម្មាធិការតែងតាំងថា លោកស្រី Susanna Dinnage លែងចង់បានតំណែងប្រតិបត្តិមួយនេះទៀតហើយ”។
សូមបញ្ជាក់ថា ពេលដែលលោក Scudamore បានទទួលយកតំណែងប្រធានប្រតិបត្តិកាលពីឆ្នាំ១៩៩៩ កិច្ចព្រមព្រៀងសិទ្ធផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកសម្រាប់ការប្រកួត Premier Leagueមានតម្លៃ៦៧០លានផោន៕
កីឡាករRoger Federerពេញចិត្តនឹងប៉ះជាមួយកីឡាការិនីSerena Williams នៅ Hopman Cup
ព្រឹត្តិការណ៍ Hopman Cup អាចនឹងក្លាយជាការប្រកួតដ៏រំភើបបំផុតនៃការចួលរួមរវាងកីឡាករ និងកីឡាការិនី ចាប់តាំងពីការប្រកួត"Battle of the Sexes នៅទសវត្សរ៍ឆ្នាំ១៩៧០។
កីឡាករRoger FedererនិងកីឡាការិនីSerena Williamsដែលស្ថិតនៅក្នុងចំណោមកីឡាករ-កីឡាការិនីអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រ៍វាយតឺន្នីសនោះ នឹងត្រូវជួបគ្នាជាលើកដំបូងនៅថ្ងៃអង្គារនេះ ពេលដែលក្រុមសហរដ្ឋអាមេរិក និងក្រុមជើងឡើងការពារជើងឯកស្វីស ជួបគ្នានៅការប្រកួតម្ខាង២នាក់ នៅព្រឹត្តការណ៍ចម្រុះក្រុមមួយនេះ។
ការប្រកួតនៅឆ្នាំនេះ គេរំពឹងថា នឹងក្លាយជាការប្រកួត Hopman Cup ចុងក្រោយគេនៅក្នុងទីក្រុង Perth របស់ប្រទេសអូស្ត្រាលី ហើយការប្រកួតក្នុងពូលនាថ្ងៃអង្គារនេះដែរ ត្រូវបានគេលក់សំបុត្រដាច់អស់ ដោយសារតែពួកគេចង់មើលឃើញជំនួបរវាងមនុស្សអស្ចារ្យបំផុតនៅក្នុងពិភពវាយតឺន្នីស។
កីឡាករ Federer ក្រោយឈ្នះការប្រកួតបើកឆាក Hopman Cup ម្ខាងម្នាក់ កាលពីថ្ងៃអាទិត្យថា វាគឺជារឿងដ៏គួររំភើបចិត្តមួយសម្រាប់ពួកយើងទាំង២នាក់ ហើយលោកសង្ឃឹមថានឹងមានក្រុមអ្នកគាំទ្រច្រើននឹងចូលរួមទស្សនា។
ដោយឡែក កីឡាការិនី Williams បាននិយាយអំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ថា នាងក៏ទន្ទឹងរង់ចាំការប្រកួតមួយនេះផងដែរ ហើយនិងអាលបានថតរូបជាមួយកីឡាករ Federer សម្រាប់បង្ហោះចូលទំព័រ Instagram របស់នាង៕
Source: Kampuchea Thmey Daily
0 Comments